Swift cc time

អ្នកស្ម័គ្រចិត្តជនជាតិចិនម្នាក់ «បានស្លាប់» ដោយសារគាំងបេះដូង ក្នុងបេសកកម្មជួយសង្រ្គោះពលរដ្ឋ ពីទឹកជំនន់ខ្លាំង នៅខេត្តក្វាងស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ លោក Dang Xinrui អាយុ ២៩ឆ្នាំ ជាបុគ្គលិកស្ថានីយរថភ្លើង និងជាអ្នកស្ម័គ្រចិត្តម្នាក់ បានបាត់បង់ជីវិតដោយសារគាំងបេះដូងពីការអស់កម្លាំងខ្លាំងពេក បន្ទាប់ពីលោកបានបោះបង់ថ្ងៃឈប់សម្រាករបស់ខ្លួន ដើម្បីចូលរួមក្នុងកិច្ចប្រតិបត្តិការសង្គ្រោះទឹកជំនន់នៅក្នុងខេត្ត Guangxi។ លោក Dang ត្រូវបានគេស្គាល់ថាជាមនុស្សមានសុខភាពរឹងមាំ និងចូលចិត្តការឡើងភ្នំ ព្រមទាំងជាមនុស្សចូលចិត្តជួយអ្នកដទៃដោយសុទ្ធចិត្ត និងធ្លាប់ទទួលបានកិត្តិនាមជា «សមាជិកសម្ព័ន្ធយុវជនកុម្មុយនិស្តឆ្នើម» ។

យោងតាមការចុះផ្សាយរបស់កាសែត South China Morning Post លោកជាបុគ្គលិកបម្រើការងារនៅស្ថានីយរថភ្លើងមួយក្នុងខេត្ត Sichuan។ កំឡុងពេលកំពុងដើរកម្សាន្តថ្ងៃឈប់សម្រាកក្នុងខេត្ត Yunnan លោក Dang បានឃើញការអំពាវនាវបន្ទាន់រកអ្នកស្ម័គ្រចិត្តដើម្បីជួយដល់តំបន់រងគ្រោះដោយទឹកជំនន់ក្នុងខេត្ត Guangxi ហើយលោកក៏បានសម្រេចចិត្តប្តូរផែនការភ្លាមៗដើម្បីទៅជួយតំបន់ដ៏គ្រោះថ្នាក់នោះ។

មុនពេលភ្លឺថ្ងៃទី១៤ ខែកក្កដា លោក Dang និងក្រុមអ្នកស្ម័គ្រចិត្តបានដើរកាត់ព្រៃភ្នំរយៈពេល ៦ ម៉ោង ចូលទៅក្នុងទីក្រុងដាច់ស្រយាលនោះ ដោយក្នុងម្នាក់ៗបានយួរឥវ៉ាន់ វេជ្ជសាស្ត្រ បន្លែ ក៏ដូចជាសម្ភារចាំបាច់ផ្សេងៗទម្ងន់ប្រហែល ១៥ គីឡូក្រាម។ ក្រោយពេលបញ្ជូនសម្ភារនិងសម្រាកបានបន្តិច ក្រុមការងារក៏បានចាប់ផ្តើមដំណើរត្រឡប់មកវិញ។ ប៉ុន្តែ ក្នុងពេលដើរត្រឡប់មកវិញនោះ លោក Dang មានអាការវិលមុខ ប៉ុន្តែលោកនៅតែព្យាយាមដើរទាល់តែដួលសន្លប់។

មិត្តភក្តិរួមដំណើរបានជួយធ្វើចលនាបេះដូងសង្គ្រោះបឋម (CPR) ខណៈពេលកំពុងរង់ចាំរថយន្តសង្គ្រោះបន្ទាន់។ អាជ្ញាធរចិន បានរាយការណ៍ថា ក្រុមវេជ្ជបណ្ឌិតបានព្យាយាមសង្គ្រោះជីវិតលោកជាងបីម៉ោង ប៉ុន្តែលោកបានស្លាប់ដោយសារគាំងបេះដូង ដែលជឿជាក់ថាបណ្តាលមកពីការអស់កម្លាំងខ្លាំងពេក។

អាជ្ញាធរក្នុងខេត្ត Guangxi បានផ្ដល់កិត្តិយសជូនលោក ដើម្បីជាការតបស្នងចំពោះភាពក្លាហាន និងវីរភាពរបស់លោក Dang។ ការបាត់បង់ជីវិតរបស់លោក ក៏ទទួលបានការចាប់អារម្មណ៍ និងការសោកសៅយ៉ាងខ្លាំងនៅលើបណ្តាញសង្គមក្នុងប្រទេសចិន៕

Khcct banner

អត្ថបទទាក់ទង