ជប៉ុន៖ ស្ត្រីជនជាតិថៃអាយុ ២៨ឆ្នាំម្នាក់ឈ្មោះ Jutatip ជាអ្នកដឹកជញ្ជូនអីវ៉ាន់ស៊ីឈ្នួល កាលពីថ្ងៃទី១២ ខែកក្កដា ត្រូវបានឃុំខ្លួននៅអាកាសយានដ្ឋាន Fukuoka ប្រទេសជប៉ុន ក្រោយមន្ត្រីជប៉ុន រកឃើញសារធាតុញៀន (Ice) ទម្ងន់ ១២គីឡូក្រាម លាក់ក្នុងកញ្ចប់កាហ្វេ។
យោងតាមសម្ដីមិត្តប្រុសរបស់នាងឈ្មោះ Sarawut បានឱ្យដឹងថា ពួកគេបានទទួលដឹកជញ្ជូនប្រអប់អីវ៉ាន់ទម្ងន់ប្រហែល ១២គីឡូក្រាម ដែលជាការបញ្ជាទិញតាមកម្មវិធី Line ពីអតិថិជនម្នាក់ឈ្មោះ «Ing Ing»។ ក្រោយពេលមកដល់ជប៉ុន សង្សាររបស់ខ្លួន ត្រូវបានឃុំខ្លួន ខណៈមិត្តភក្តិពីរនាក់ទៀតត្រូវបានសាកសួរនិងដោះលែងវិញ។
ជាការឆ្លើយតប ស្ថានកុងស៊ុលថៃ កាលពីថ្ងៃទី២២ ខែកក្កដា បានបញ្ជាក់ប្រាប់គ្រួសារថា គ្រឿងញៀនត្រូវបានលាក់ក្នុងកញ្ចប់កាហ្វេក្នុងចំណោមអីវ៉ាន់ដែលនាងបានដឹក ហើយខាងទូតមិនអាចទាក់ទងរក អតិថិជនឈ្មោះ «Ing Ing» បានទេ ដោយសារ គេបានបិទការទាក់ទងទាំងអស់ក្រោយពេលកើតហេតុ។
បច្ចុប្បន្ន គ្រួសាររបស់ជនរងគ្រោះរូបនេះ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិសថៃ ដើម្បីតាមរកអ្នកផ្ញើអីវ៉ាន់ពិតប្រាកដ និងកំពុងស្នើសុំជំនួយពីអាជ្ញាធរថៃ ដើម្បីជួយដោះស្រាយរឿងក្តីនេះនៅប្រទេសជប៉ុន៕