Swift cc time

កញ្ញា ឆាន ភាតរៈ មកពីស្វាយរៀង បានជ័យលាភីលេខ១ ក្នុងកម្មវិធីនិយាយជាសាធារណៈ រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ បេក្ខនារី ឆាន ភាតរៈ មកពីសាកលវិទ្យាល័យស្វាយរៀងជាប់ចំណាត់ថ្នាក់លេខ១ វគ្គផ្តាច់ព្រ័ត្រកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ ក្រោមប្រធានបទ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០?»។ កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈនេះ ត្រូវបានរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

យោងតាមគេហទំព័រ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មុនឈានដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃនេះ គណៈកម្មការរៀបចំកម្មវិធី បានធ្វើការប្រកួតជម្រុះជុំទី១ និងជុំទី២ កាលពីអំឡុងខែ ឧសភា និងខែមិថុនា ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធ Zoom meeting ដោយមានបេក្ខជនបេក្ខនារីចូលរួមសរុប ៤៦ រូប មកពីសាកលវិទ្យាល័យចំនួន ១៥ នៅតាមរាជធានី/ខេត្ត។

បន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងការវាយតម្លៃប្រកបដោយសុក្រឹត្យនិងតម្លាភាពពីគណៈកម្មការបូកសរុបពិន្ទុ ទាំង៥រូប កម្មវិធីបានរកឃើញម្ចាស់ជ័យលាភីចំនួន ៦រូប ក្នុងបេក្ខជននិងបេក្ខនារី ១០ រូបក្នុងនោះ ម្ចាស់ជ័យលាភីលេខ១ បានទៅលើនិស្សិតឈ្មោះ ឆាន ភាតរៈ បេក្ខនារីមកពីសាកលវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង លេខ២ និស្សិត ហី ចាន់នី មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) លេខ៣ និស្សិត ធា ចាន់រ៉ា បេក្ខនារីមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លេខ៤ និស្សិត សែម វីណា បេក្ខនារីមកពីពុទ្ធិកសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខេត្តកំពង់ចាម លេខ៥ និស្សិត យ៉ុម ពិដោ បេក្ខនារីមកពីសាកលវិទ្យាល័យកម្ពុជា និងលេខ៥ស្ទួន និស្សិត សាមិត្ត វិរៈបុត្រ បេក្ខជនមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)។

បើតាមប្រភពដដែល បានឱ្យដឹងថា បេក្ខជនបេក្ខនារីជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៥ស្ទួន បានទទួលពានរង្វាន់ម្នាក់១ និងប័ណ្ណសរសើរ អមដោយទឹកប្រាក់មួយចំនួន។ ចំណែកឯបេក្ខជន និងបេក្ខនារីដែលចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រនេះ សុទ្ធតែទទួលបានប័ណ្ណសរសើរ និងអមដោយទឹកប្រាក់លើកទឹកចិត្តមួយចំនួនផងដែរ។

លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា គោលបំណងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីជំរុញឱ្យយុវជនយល់ដឹងពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត ជាពិសេសមុំទី១ស្តីពី «ការអភិវឌ្ឍន៍មូលធនមនុស្ស» និងចូលរួមដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលរាជរដ្ឋាភិបាលបានកំណត់។ លោកបានបន្តទៀតថា មូលធនមនុស្ស មិនត្រឹមតែមានចំណេះដឹង និងជំនាញវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានសីលធម៌ គុណធម៌ វិន័យ ទំនួលខុសត្រូវ សមត្ថភាពគិត វិភាគ ការច្នៃប្រឌិត និងមនសិការស្នេហាជាតិផងដែរ។ ក្នុងយុគសម័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) យុវជនត្រូវបន្តការសិក្សាពេញមួយជីវិត ចេះសម្របខ្លួន និងប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ ដើម្បីបង្កើនផលិតភាព និងតម្លៃបន្ថែមសម្រាប់សង្គម និងសេដ្ឋកិច្ចជាតិ៕

Khcct banner

អត្ថបទទាក់ទង