អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃអាទិត្យបានព្រមានថា អ៊ីរ៉ង់នឹងឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវមួយដែលអ៊ុយក្រែនបានបើកការវាយប្រហារលើកប៉ាល់អ៊ីរ៉ង់មួយគ្រឿងនៅសមុទ្រកាសព្យែន។ លោក Araghchi បញ្ជាក់តាមបណ្តាញសង្គម X ថា មេដឹកនាំអ៊ុយក្រែនលោក ហ្សេលែនស្គី បានវាយប្រហារកប៉ាល់ពាណិជ្ជកម្មអ៊ីរ៉ង់មួយគ្រឿង ដោយសម្លាប់នាវិកម្នាក់ លោកថាសកម្មភាពរបស់អ៊ុយក្រែនជាការរំលោភបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលធ្វើឡើងតាមការបញ្ជារបស់អ៊ីស្រាអែល ដើម្បីអូសទាញអឺរ៉ុបចូលទៅក្នុងសង្គ្រាមជាមួយខ្លួន។
លោក Abbas Araghchi សង្គត់ធ្ងន់ថាក្នុងអំឡុងពេលជជែកគ្នាតាមទូរស័ព្ទជាមួយលោកស្រី Kaja Kallas អនុប្រធានគណៈកម្មការអឺរ៉ុប និងអ្នកការទូតកំពូលរុស្ស៊ី លោក Sergei Lavrov លោក Araghchi បានបញ្ជាក់ប្រាប់អ្នកទាំងពីរថាសកម្មភាពរបស់អ៊ុយក្រែនដែលបានធ្វើលើអ៊ីរ៉ង់នឹងត្រូវឆឆ្លើយតបទៅវិញ។
គួរកត់សម្គាលថាប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky អះអាងថា យោធាអ៊ុយក្រែនបានធ្វើការវាយប្រហារចម្ងាយឆ្ងាយនៅសមុទ្រកាសព្យែនប្រឆាំងនឹងកប៉ាល់ដឹកជញ្ជូនទំនិញយោធាដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ ហើយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកត្រូវបានអនុវត្តប្រឆាំងនឹងនាវាដឹកទំនិញក្រោមទណ្ឌកម្មអន្តរជាតិ ដែលត្រូវបានប្រើដើម្បីដឹកជញ្ជូនទំនិញយោធារវាងអ៊ីរ៉ង់ និងរុស្ស៊ី។
ភ្លាមៗតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា ក្រសួងការបរទេសអ៊ីរ៉ង់បានកោះហៅភារធារីអ៊ុយក្រែនប្រចាំអ៊ីរ៉ង់ឲ្យបកស្រាយជុំវិញសកម្មភាពរបស់អ៊ុយក្រែនដែលបានធ្វើលើកប៉ាល់ដឹកទំនិញរបស់អ៊ីរ៉ង់៕