Swift cc time

១០ នាក់ បានស្លាប់ និង ២៣ នាក់ រងរបួស ពី «គ្រោះជំនន់ទឹកភ្លៀងខ្លាំង» នៅខេត្តមួយនៅចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖មនុស្សយ៉ាងហោច ១០ នាក់ បានស្លាប់ និង ២៣ នាក់ផ្សេងទៀតរងរបួស ក្នុងគ្រោះ«ជំនន់ទឹកភ្លៀង»នៅតំបន់ទេសចរណ៍ និងជ្រលងភ្នំ Shuangshimen ក្នុងទីក្រុង Huichuan ស្រុក Weiyuan នៃទីក្រុង Dingxi ភាគពាយព្យខេត្ត Gansu ប្រទេសចិន។

ជំនន់ទឹកភ្លៀងនេះ បានវាយប្រហារជ្រលងភ្នំ Shuangshimen កាលពីវេលាម៉ោងប្រហែល ១៤:០០ កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ ដោយសារភ្លៀងធ្លាក់ខ្លាំងរយៈពេលខ្លីនៅតំបន់ខាងលើ ដែលបាននាំយកល្បាប់ដី និងថ្មធ្លាក់ចុះមកក្រោមយ៉ាងគំហុក និង ធ្វើឱ្យភ្ញៀវទេសចរដែលកំពុងបោះតង់នៅទីនោះជាប់គាំងក្នុងទឹកជំនន់។

អាជ្ញាធរមូលដ្ឋានចិន បានចល័តកម្លាំងសង្គ្រោះ ៣០៥ នាក់ មកពីស្ថាប័នគ្រប់គ្រងគ្រោះអាសន្ន ពន្លត់អគ្គិភ័យ សុខាភិបាល និងទេសចរណ៍-វប្បធម៌ ទៅកាន់ទីតាំងកើតហេតុ ដើម្បីបើកកិច្ចប្រតិបត្តិការសង្គ្រោះបន្ទាន់ និង ការងារជម្លៀសជនរងគ្រោះ ដោយមានការប្រើប្រាស់ដ្រូនចំនួន ៣ គ្រឿងជួយសម្រួលរុករក រហូតអាចជម្លៀសអ្នកជាប់គាំងចំនួន ២៤៧ នាក់ដោយសុវត្ថិភាព ទោះបីជួបការរំខានដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ ។

អាជ្ញាធរចិន បញ្ជូនក្រុមការងារចុះទៅផ្ទាល់នៅកន្លែងកើតហេតុ និង បានដាក់ឱ្យដំណើរការកម្រិតឆ្លើយតបបន្ទាន់។ ចំណែកនាយកដ្ឋានឧតុនិយមខេត្ត Gansu បានដំឡើងកម្រិតឆ្លើយតបបន្ទាន់ ចំពោះភ្លៀងធ្លាក់ខ្លាំងហើយបន្តតាមដានស្ថានភាពជាប្រចាំ៕

Khcct banner

អត្ថបទទាក់ទង