ភ្នំពេញ៖ ក្រសួងអប់រំ នឹងរៀបចំ«ទិវាអន្តរជាតិសម្រាប់យុវជន » លើកទី២៧ ក្រោមប្រធានបទ «បរិបទខុសគ្នា ក្តីប្រាថ្នារួមគ្នា» និងការប្រកួត «វគ្គផ្តាច់ព្រ័ត្រ» នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៦ នៅថ្ងៃទី ២៩–៣០ ខែកក្កដា ២០២៦ នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចាប់ពីម៉ោង ៧:៣០ នាទីព្រឹកតទៅ។
យោងតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា កម្មវិធី «ទិវាអន្តរជាតិសម្រាប់យុវជន » លើកទី២៧ មានរយៈពេលពីរថ្ងៃ ដែលថ្ងៃទី១ មានរៀបចំវេទិកាពិភាក្សាចំនួនពីរ ទី១៖ ស្តីពី «ថាមពលបៃតង៖ ការជំរុញអនាគតប្រកបដោយចីរភាពរបស់កម្ពុជា» និងវេទិកាពិភាក្សា ទី២ ស្តីពី «អ្នកបង្កើតមាតិកា៖ ការជំរុញការផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គម»។ បន្ថែមពីនេះ ក៏មានការប្រកួតគម្រោងផែនការសកម្មភាពរបស់ក្រុមប្រឹក្សាយុវជនកម្ពុជា។ នៅថ្ងៃកម្មវិធីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ មានរៀបចំការប្រកួត «វគ្គផ្តាច់ព្រ័ត្រ» កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២៦ និងបាឋកថាគន្លឹះ ដោយ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ។
បើតាមក្រសួងអប់រំ កិច្ចពិភាក្សាយុវជន នៅក្នុងឆ្នាំ២០២៦នេះ ប្រធានបទទី១ ៖ «ថាមពលបៃតង៖ ការជំរុញអនាគតប្រកបដោយចីរភាពរបស់កម្ពុជា» មានវាគ្មិនកិត្តិយស៖ កញ្ញា ជិន សូនីតា លោក វន់ ឧត្តម (វីលៀម) លោក សា សុខគ្រី លោក យ៉ាន កែវសុភគ្គ សម្របសម្រួលដោយ កញ្ញា ទឹង ផានាថ។ ចំណែកឯប្រធានបទទី២ ៖ «អ្នកបង្កើតមាតិកា ៖ ការជំរុញការផ្លាស់ប្ដូរជាវិជ្ជមានក្នុងសង្គម» វាគ្មិនកិត្តិយស លោកវេជ្ជបណ្ឌិត និត ប៊ុតតុងយី លោក ឈាង ដាវុធ លោក អ៊ុង ប៉េងអាន លោកស្រី ជា ស្រីនា ដែលសម្របសម្រួលដោយ កញ្ញា ធន់ រិទ្ធីសុចេន។
គួរបញ្ជាក់ថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២៦ បេក្ខជនឆ្នើមពីរក្រុម នឹងចូលរួមប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ ទៅលើប្រធានបទ៖ «មានតែចំណេះដឹងមិនគ្រប់គ្រាន់ទេ យុវជនសតវត្សទី២១ ត្រូវប្រើប្រាស់ចំណេះដឹង ដើម្បីកសាងកម្ពុជាឆ្ពោះទៅរកវិបុលភាព» ដែលមានក្រុមស្រប៖ វិទ្យាល័យដំដែក (ខេត្តសៀមរាប) និងក្រុមបដិសេធ៖ សាលាប៊ែលធីអន្តរជាតិ (រាជធានីភ្នំពេញ)៕