ព្យុងយ៉ាង៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុងបានរិះគន់មិនសំចៃមាត់ចំពោះទង្វើរបស់អាស៊ាន ចំពោះការលើកឡើងនិងជំរុញឲ្យកូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើងចាត់ទុកការលើកឡើងរបស់អាស៊ានជាអំពើល្ងង់ខ្លៅ និងមិនអាចទទួលយកបានឡើយ។ការឆ្លើយតបរបស់លោកស្រី ធ្វើឡើងមួយថ្ងៃបន្ទាប់អាស៊ាន បានចេញសេក្តីថ្លែងការណ៍រួមមួយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងលើការអភិវឌ្ឍអាវុធនុយក្លេអ៊ែរដែលកំពុងបន្តរបស់ទីក្រុងព្យុងយ៉ាង និងជំរុញឲ្យមានការសន្ទនាដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងឧបទ្វីបកូរ៉េដែលគ្មានអាវុធនុយក្លេអ៊ែរ។
លោកស្រី គីម យ៉ូជុង បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយសារព័ត៌មានរដ្ឋ KCNA ថា លោកស្រីបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះអាកប្បកិរិយាអរិភាពដែលមិនលាក់បាំងរបស់អាស៊ាន ក្នុងការដើរតាមសហរដ្ឋអាម៉េរិកដែលចង់ឲ្យកូរ៉េខាងជើងធ្វើការ ការរំសាយអាវុធនុយក្លេអ៊ែរ និងមិនអើពើនឹងរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងជើង។ លោកស្រីស្រីថានេះគឺជាការបរាជ័យក្នុងការគិតជាយុទ្ធសាស្ត្រ និងតក្កវិជ្ជា និងជាការបង្ហាញពីក្តីសុបិនដ៏ល្ងង់ខ្លៅ ដែលនៅតែប្រកាន់ខ្ជាប់នូវការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េដែលរឿងទាំងនេះនឹងមិនអាចកើតមានឡើយ។
គួរបញ្ជាក់ថាកាលពីខែមិថុនា លោកស្រី គីម យ៉ូជុង ដែលជាអ្នកដើរតួនាទីសំខាន់ក្នុងគោលនយោបាយទំនាក់ទំនង និងការបរទេសរបស់កូរ៉េខាងជើង ប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺជាខ្សែបន្ទាត់ដែលមិនអាចដកថយបាន។ លោកស្រីក៏ធ្លាប់បានអះអាងទៀតថាកូរ៉េខាងជើងគឺជារដ្ឋនុយក្លេអ៊ែរដែលមិនអាចខ្វះបាន៕