គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានគូសបញ្ជាក់ថារុស្ស៊ីកំពុងតែចង់កែនទ័ពប្រមាណ ៣០,០០០ នាក់ទៀតពីកូរ៉េខាងជើង ដើម្បីជួយរុស្ស៊ីក្នុងការបន្តប្រយុទ្ធជាមួយនឹងទាហានអ៊ុយក្រែន។ ក្នុងសុន្ទរកថារបស់លោកកាលពីយប់ថ្ងៃសៅរ៍ លោកថាអ៊ុយក្រែនក៏ឃើញកិច្ចសហប្រតិបត្តិការរបស់រុស្ស៊ីជាមួយកូរ៉េខាងជើងកំពុងតែបន្តគួរឲ្យព្រួយបារម្ភ ដោយពេលនេះរុស្ស៊ីចង់ទទួលកងទ័ពបន្ថែមចំនួន ៣០,០០០ នាក់ពីកូរ៉េខាងជើង ចាប់តាំងពីខែមិថុនាមក ការរៀបចំបានដំណើរការនៅក្នុងតំបន់ Voronezh របស់រុស្ស៊ី ដើម្បីទទួលស្វាគមន៍ទាហានទាំងនោះ។
បើតាមលោកវ៉ូឡូឌីមៀ ហ្សេលេនស្គី កូរ៉េខាងជើងបានផ្ទេរកងទ័ពប្រហែល ១២,០០០ នាក់ទៅកាន់តំបន់ព្រំដែន Kursk របស់រុស្ស៊ីរួចហើយ ក្រោមកតិកាសញ្ញាការពារជាតិទៅវិញទៅមកដែលបានចុះហត្ថលេខាជាមួយគ្នាទីក្រុងមូស្គូក្នុងឆ្នាំ ២០២៤។ លោកបន្ថែមទៀតថា រុស្ស៊ីកំពុងជួយកូរ៉េខាងជើងរៀនពីរបៀបធ្វើសង្គ្រាម កែលម្អអាវុធរបស់ខ្លួន និងទទួលបានបទពិសោធន៍ប្រយុទ្ធពិតប្រាកដក្នុងការប្រើប្រាស់វាប្រយុទ្ធជាមួយនឹងអ៊ុយក្រែន។លោកបានចាត់ទុកសកម្មភាពទាំងអស់នេះគឺជាការគំរាមកំហែងដល់មនុស្សគ្រប់គ្នានៅតំបន់អាស៊ីដែលស្ថិតនៅក្នុងចម្ងាយវាយប្រហារមីស៊ីលកូរ៉េខាងជើងយ៉ាងខ្លីបំផុត៕