ចិន៖ ជនសង្ស័យជនជាតិចិនម្នាក់ បានបង្កើតផែនការក្លែងបន្លំធ្វើជាស្លាប់ដោយមានជំនួយពីក្រុមគ្រួសារ ដើម្បីគេចវេសពីការបទល្មើស ករណីបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មុនពេលគេចខ្លួនទៅកាន់ភាគខាងត្បូងប្រទេស។ តាមរយៈការត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ប្រតិបត្តិការធនាគារ និងកំណត់ត្រាទូរសព្ទ ប៉ូលិសបានរកឃើញថាគាត់នៅមានជីវិត និងបានចាប់ខ្លួនគាត់កាលពីខែមេសា មុនពេលតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៥ខែ និងពិន័យជាប្រាក់ ២០,០០០ យន់ (ប្រហែល ៣,០០០ ដុល្លារអាម៉េរិក) កាលពីខែឧសភា បន្ថែមពីលើការបើកការស៊ើបអង្កេតព្រហ្មទណ្ឌលើម្តាយ និងយាយរបស់គាត់ពីបទលាក់បាំងជនល្មើសកាលពីថ្ងៃទី១១ ខែមិថុនា៕នេះបើយោងតាមការទម្លាយរបាយការណ៍របស់ស្ថាប័នអយ្យការក្នុងទីក្រុង Anyang ខេត្ត Henan។
យោងតាមការចុះផ្សាយរបស់កាសែត South China Morning Post នៅក្នុងខែមករា ឆ្នាំមុន បុរសរូបនេះដែលមានត្រកូល Si ត្រូវបានប៉ូលិសឃាត់ខ្លួនពីបទបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ដោយការស៊ើបអង្កេតរកឃើញថាគាត់ធ្លាប់បានប្រព្រឹត្តខុសពីរដងរួចមកហើយពីបទបើកបរគ្មានប័ណ្ណបើកបរ និងស្រវឹងស្រា និងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលពី ១ ដល់ ៦ខែ ព្រមទាំងពិន័យជាប្រាក់។
ដោយសារមានបំណុល និងខ្លាចជាប់ឃុំឃាំង លោក Si សម្រេចចិត្តទិញក្ដារមឈូស រាយដបថ្នាំពេទ្យទទេរាយប៉ាយពេញផ្ទះ និងប្រើប្រាស់ឧបករណ៍បញ្ចុះសីតុណ្ហភាពដើម្បីធ្វើឱ្យរាងកាយត្រជាក់ ព្រមទាំងទប់ដង្ហើមធ្វើពុតជាស្លាប់ដោយសារលេបថ្នាំលើសកម្រិត។ គ្រួសាររបស់លោកបានអះអាងថា មុខរបស់គាត់ត្រូវគ្របដោយក្រណាត់ព្រោះមុខបាន «ខូចទ្រង់ទ្រាយ» ដោយសារជាតិពុល ហើយម្តាយនិងយាយរបស់គាត់បានប្រញាប់ប្រញាលបញ្ចុះក្ដារមឈូសមុនពេលយប់មកដល់ ខណៈដែលការពិតលោក Si បានគេចខ្លួនទៅកាន់ខេត្ត Yunnan ភាគនិរតីប្រទេសចិន ដើម្បីស្វែងរកការងារធ្វើ។
យោងតាមការស៊ើបអង្កេត ប៉ូលិសចិន មានការសង្ស័យដោយសារក្រុមគ្រួសារមិនបានបញ្ជូនគាត់ទៅសង្គ្រោះបន្ទាន់ គ្មានលិខិតបញ្ជាក់ពីមន្ទីរពេទ្យ គ្មានកំណត់ត្រាបូជាសព និងមានតែម្តាយនិងយាយប៉ុណ្ណោះដែលបានឃើញសាកសព៕