ចិន៖ លោកយាយវ័យ ៧១ឆ្នាំម្នាក់ រស់នៅភាគខាងកើតប្រទេសចិន ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជនលើបណ្តាញសង្គមចិន បន្ទាប់ពីគាត់បានសម្រេចចិត្តលោតចុះទៅក្នុងទន្លេដើម្បីហែលទៅជួយសង្គ្រោះបុរសវ័យក្មេងម្នាក់ ដែលព្យាយាមលោតទឹកសម្លាប់ខ្លួនដោយសារបញ្ហាស្នេហា។
យោងតាមការចេញផ្សាយរបស់កាសែត South China Morning Post ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែកក្កដា ក្នុងស្រុក Suixi ខេត្ត Anhui ជាកន្លែងដែលបុរសវ័យប្រហែល ៣០ឆ្នាំម្នាក់បានឡើងលើគែមស្ពាន រួចលោតទម្លាក់ខ្លួនចុះទៅក្នុងទន្លេដែលមានជម្រៅរហូតដល់ ៥ម៉ែត្រ។
យោងតាមប្រភពព័ត៌មាន ពេលនោះ លោកយាយ Liu Defang ជាមនុស្សចូលចិត្តហាត់ប្រាណ និងចេះហែលទឹកដោយខ្លួនឯង បានឮសំឡេងស្រែកឆោឡោ ទើបគាត់រត់ទៅមាត់ច្រាំង និងចាប់យកពោងសង្គ្រោះដែលអ្នកជិតខាងបោះឱ្យ រួចលោតចុះទៅក្នុងទឹកដោយមិនស្ទាក់ស្ទើរ។
លោកយាយ Liu Defang បានរៀបរាប់ថា បុរសនោះព្យាយាមរើបម្រាស់ និងប៊ិះនឹងស្លាប់ តែលោកយាយ Liu បានខិតខំប្រឹងប្រែងតស៊ូប្រហែល ២០នាទី រហូតទាញគាត់មកដល់ច្រាំង ដោយមានជំនួយពីអ្នកស្រុកពីរនាក់ទៀតទាញឡើងគោកដោយសុវត្ថិភាព។
លោកយាយ Liu បានបញ្ជាក់យ៉ាងខ្លីថា៖ «ក្នុងកាលៈទេសៈនោះ នរណាក៏នឹងត្រូវជួយសង្គ្រោះគាត់ដែរ» ហើយគាត់ក៏បានផ្ញើសារជូនពរដល់បុរសនោះឱ្យចេះស្រឡាញ់ជីវិត និងកុំបោះបង់ខ្លួនឯងងាយៗ៕