ឡាអេ៖ ព្រះរាជអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លោក Karim Khan កាលពីថ្ងៃសៅរ៍ ត្រូវបានសមាជិកតុលាការបោះឆ្នោតទម្លាក់ចេញពីតំណែង ដោយទទួលបានសំឡេងគាំទ្រចំនួន ៨២ លើការចោទប្រកាន់ពីបទរំលោភបំពានអំណាច និងប្រព្រឹត្តអាកប្បកិរិយាមិនសមរម្យផ្លូវភេទជាមួយបុគ្គលិកក្រោមឱវាទ បន្ទាប់ពីមានការស៊ើបអង្កេតដោយការិយាល័យសេវាត្រួតពិនិត្យផ្ទៃក្នុងរបស់អង្គការសហប្រជាជាតិ (OIOS) ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២៤ ដល់ខែធ្នូ ឆ្នាំ ២០២៥ ដែលប្រមូលបានភស្តុតាង និងសក្ខីកម្មជាង ៥,០០០ ទំព័រ។ ជាការឆ្លើយតប លោក Karim Khan បានបដិសេធរាល់ការចោទប្រកាន់ និងគ្រោងនឹងប្តឹងតវ៉ាតាមផ្លូវច្បាប់។
យោងតាមការចេញផ្សាយរបស់កាសែត BBC មហាសន្និបាតរដ្ឋភាគី បានសម្រេចដកហូតតំណែងនេះពីលោករួចរាល់ហើយ។ ចំណែក តុលាការ ICC ក៏ប្តេជ្ញាបន្តរក្សាបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងភាពស្មើគ្នាសម្រាប់បុគ្គលិកទាំងអស់។
ការសម្រេចចិត្តដកហូតតំណែងនេះ បានកើតឡើងចំពេលដែលតុលាការកំពុងប្រឈមមុខនឹងសម្ពាធនយោបាយយ៉ាងខ្លាំងពីសហរដ្ឋអាម៉េរិក ក្នុងការរុះរើស្ថាប័ន ICC បន្ទាប់ពីរឿងរ៉ាវពាក់ព័ន្ធនឹងដីកាចាប់ខ្លួនមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល។
វិបត្តិផ្ទៃក្នុងទាំងនេះ បានធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំងថា វានឹងធ្វើឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិមួយនេះធ្លាក់ខ្សោយ និងបាត់បង់សមត្ថភាពក្នុងការដោះស្រាយបទល្មើសអន្តរជាតិធ្ងន់ធ្ងរនាពេលអនាគត៕