អាស៊ី៖ របាយការណ៍ថ្មីមួយ បានបង្ហាញថា ប្រទេសជប៉ុន កូរ៉េខាងត្បូង និងហុងកុង កំពុងប្រឈមមុខនឹងការកើនឡើងយ៉ាងខ្លាំងនៃអត្រាការលែងលះក្នុងវ័យចំណាស់ ឬហៅថា «ការលែងលះពណ៌ប្រផេះ» (Gray Divorce) ក្នុងចំណោមគូស្វាមីភរិយាដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ ដែលជាការកើនឡើងច្រើនបំផុតមិនធ្លាប់មាន។ បើតាមការសិក្សា និងទិន្នន័យក្នុងតំបន់អាស៊ី ការលែងលះទាំងនោះភាគច្រើនកើតឡើងដោយសារស្ត្រីចង់រួចផុតពី«ចំណងអាពាហ៍ពិពាហ៍គ្មានសុភមង្គល» ការគ្រប់គ្រងហួសហេតុពីស្វាមី និងបន្ទុកពីផ្នត់គំនិតអភិរក្សនិយមបែបប្រពៃណី ព្រោះតែពេលនេះពួកគេទទួលបានការធានាផ្នែកហិរញ្ញវត្ថុ តាមរយៈកំណែទម្រង់ច្បាប់ថ្មីៗស្តីពីប្រាក់សោធននិវត្តន៍ និងឱកាសការងារ។
យោងតាមការចុះផ្សាយរបស់កាសែតCNN អាជ្ញាធរ និងអ្នកជំនាញសង្គមកិច្ចបញ្ជាក់ថា នេះគឺជាអត្រាបែកបាក់គ្នាខ្ពស់បំផុតក្នុងចំណោមមនុស្សវ័យចំណាស់ រាប់ចាប់តាំងពីការផ្លាស់ប្តូរឥរិយាបថសង្គម និងការបើកទូលាយផ្នែកគំនិតរបស់មនុស្សជំនាន់ថ្មីចាប់ផ្តើមលេចធ្លោរ។
ជាក់ស្ដែង ស្រ្តីជនជាតិជប៉ុនម្នាក់ គឺលោកស្រី Eiko Toyama បានរង់ចាំរហូតដល់ ៣២ ឆ្នាំ មុននឹងសម្រេចចិត្តលែងលះស្វាមីរបស់ខ្លួន ដោយសារតែក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ លោកស្រីត្រូវធ្វើការងារផ្ទះ មើលថែទាំកូន និងជួយរកប្រាក់ចិញ្ចឹមគ្រួសារម្នាក់ឯង ព្រមទាំងរងនូវការគ្រប់គ្រងគ្រប់យ៉ាងលើជីវិតផ្ទាល់ខ្លួនពីស្វាមី ដែលធ្វើឱ្យលោកស្រីមានអារម្មណ៍ថាគ្មានសេរីភាព និងគ្មានក្តីសុខ ប៉ុន្តែត្រូវទ្រាំរស់នៅព្រោះតែកូនៗ។
លោកស្រីបញ្ជាក់ថា ការអត់ធ្មត់នេះបានផ្លាស់ប្តូរនៅពេលដែលលោកស្រីមានអាយុ ៦០ ឆ្នាំ ពោលគឺពេលដែលកូនប្រុសធំៗមិនសូវត្រូវការការមើលថែ និងស្វាមីមានសុខភាពល្អធម្មតា ដែលជាឱកាសមាសដ៏កម្រមួយធ្វើឱ្យលោកស្រីសម្រេចចិត្តដើរចេញ ដើម្បីស្វែងរកក្តីសុខនិងសេរីភាពពិតប្រាកដសម្រាប់ខ្លួនឯង។
តាមប្រភពពីអ្នកជំនាញ ចំនួនអ្នកដាក់ពាក្យលែងលះជារួមបានកើនឡើងទ្វេដងបើធៀបនឹងអតីតកាល ហើយភាគច្រើនគឺជាស្ត្រីដែលមានអាយុចន្លោះពី ៥០ ទៅ ៦០ ឆ្នាំឡើងទៅ៕