ប៉េកាំង៖ អគ្គស្នងការនគរបាលកំពូលរបស់ប្រទេសចិន និងប្រធាន FBI សហរដ្ឋអាម៉េរិក បានប្រកាសប្តេជ្ញាបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់រវាងប្រទេសទាំងពីរឲ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត។ ក្នុងជំនួបជាមួយគ្នាកាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន លោក Wang Xiaohong បានបញ្ជាក់ប្រាប់នាយក FBI លោក Kash Patel ថា ភាគីទាំងពីរគួរតែចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយស្ថាបនាបន្ថែមទៀត ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋកម្មនាៗដែលកំពុងតែកើតមានឡើង។
ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិនអះអាងថា ខ្លួនបានប្រគល់ជនភៀសខ្លួនជនជាតិអាម៉េរិកម្នាក់ដែលត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋកម្មហិង្សាធ្ងន់ធ្ងរ រួមទាំងការសង្ស័យថាបានជាប់ពាក់ព័ន្ធជាមួយនឹងអំពើមនុស្សឃាត និងការរំលោភបំពានផ្លូវភេទលើក្មេងស្រីម្នាក់ទៅឱ្យអាជ្ញាធរអនុវត្តច្បាប់សហរដ្ឋអាម៉េរិក។ ក្រសួងសន្តិសុខសាធារណៈចិនបន្ថែមទៀតទីភ្នាក់ងារអនុវត្តច្បាប់ចិន និងសហរដ្ឋអាម៉េរិកថ្មីៗនេះបានអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងជាបន្តបន្ទាប់នៅក្នុងវិស័យដូចជាការប្រឆាំងគ្រឿងញៀន ការបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ ការសង្គ្រោះជនភៀសខ្លួន ការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំទូរគមនាគមន៍ និងការលាងលុយកខ្វក់ ហើយកិច្ចសហប្រតិបត្តិការបែបនេះគឺស្របតាមការឯកភាពគ្នារវាងប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង។
ជាការឆ្លើយតបនាយក FBI លោក Patel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមបណ្តាញសង្គម X ថា លោកស្វាគមន៍ចំពោះការចូលរួមដោយផ្ទាល់ជាមួយមន្ត្រីសន្តិសុខសាធារណៈចិន ដែលពង្រីកកិច្ចខិតខំប្រឹងប្រែងរួមគ្នាលើមជ្ឈមណ្ឌលបោកប្រាស់ ឧក្រិដ្ឋកម្មហិង្សាប្រឆាំងនឹងកុមារ ជាដើម៕