ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បានប្រកាសជំហរជាថ្មី ដើម្បីធ្វើការជាមួយចិនក្នុងការពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្រ និង ការជឿទុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងពង្រឹងការផ្លាស់ប្តូរ និង កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរលើគ្រប់វិស័យ។បន្ថែមពីនេះ លោកបន្តប្រកាសជំហរជាថ្មីគោរពយ៉ាងរឹងមាំនូវ«គោលនយោបាយចិនតែមួយ»។
ការប្រកាសនេះ ធ្វើឡើងក្នុងពេលលោក អនុទីន ឆានវីរៈគុលជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក តុង ជុន ក្នុងដំណើរទស្សនកិច្ច កាលពីថ្ងៃទី ២៤ កក្កដាម្សិលមិញ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិន CCTV។
ក្នុងជំនួបនោះ ប្រមុខរាជរដ្ឋាភិបាលថៃ បានគូសបញ្ជាក់ថា ថៃប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវគោលនយោបាយចិនតែមួយ ហើយនឹងមិនផ្លាស់ប្តូរជំហររបស់ខ្លួនដោយសារតែសម្ពាធ និង ការជ្រៀតជ្រែកពីខាងក្រៅឡើយ។លោកថែមទាំងបានថ្លែងអំណរគុណដល់ភាគីចិនចំពោះតួនាទីវិជ្ជមាន និង ការសម្របសម្រួលរបស់ខ្លួនក្នុងការសម្របសម្រួលជម្លោះរវាងប្រទេសថៃ និងកម្ពុជា។
ក្នុងជំនួបរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក តុង ជុន បានប្រាប់ អានុទីន ថា ចិនតែងតែចាត់ទុកប្រទេសថៃជាដៃគូដែលអាចទុកចិត្តបានសម្រាប់ការរក្សាវិបុលភាព និង ស្ថិរភាពក្នុងតំបន់ ហើយចិនមានឆន្ទៈក្នុងការធ្វើការជាមួយថៃ ដើម្បីបន្តកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់ បង្កើតឡើងដោយផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមកដ៏រឹងមាំ ដែលមានកិច្ចសហប្រតិបត្តិការស៊ីជម្រៅ និងទំនាក់ទំនងជាយុទ្ធសាស្ត្រកាន់តែរីកចម្រើន។