ហាណូយ៖ វៀតណាមកំពុងមានគម្រោងបង្កើតច្បាប់ថ្មីដែលនឹងតម្រូវឱ្យវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមហាមឃាត់អ្នកប្រើប្រាស់អាយុក្រោម ១៦ ឆ្នាំមិនឱ្យបង្ហោះខ្លឹមសារ បញ្ចេញមតិ ឬប្រតិកម្មទៅនឹងការបង្ហោះ ដោយក្រោមហេតុផលថាដើម្បីជំរុញ និងទប់ស្កាត់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដោយអនីតិជនដែលមិនទាន់គ្រប់អាយុក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ។ ច្បាប់ដែលបានស្នើឡើងនឹងតម្រូវឱ្យគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលជាកម្មសិទ្ធិរបស់កុមារអាយុក្រោម ១៦ ឆ្នាំត្រូវតែចុះឈ្មោះដោយប្រើព័ត៌មានរបស់ឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់ ដែលនឹងទទួលខុសត្រូវក្នុងការត្រួតពិនិត្យខ្លឹមសារដែលបានមើល និងចំនួនពេលវេលាដែលចំណាយលើវេទិកាទាំងនោះ។
យោងតាមសេចក្តីព្រាងច្បាប់ក្នុងក្រឹត្យមួយរបស់វៀតណាមបានបញ្ជាក់ថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមក៏នឹងត្រូវប្រើប្រាស់វិធានការបច្ចេកទេសដើម្បីកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់កុមារ និងធានាការចែកចាយខ្លឹមសារសមស្របតាមអាយុផងដែរ។ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌លោក លោក Phan Tam បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីច្បាប់ថ្មីនេះថា "គោលបំណងចម្បងមិនមែនហាមឃាត់ ឬរឹតត្បិតការចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់កុមារហួសហេតុនោះទេ ប៉ុន្តែផ្ទុយទៅវិញដើម្បីធានាថានៅពេលដែលកុមារប្រើប្រាស់សេវាកម្មប្រព័ន្ធផ្សព្វផ្សាយសង្គម ពួកគេត្រូវបានដាក់ក្នុងកម្រិតប្រើប្រាស់សមស្របតាមអាយុ និងត្រូវបានការពារពីហានិភ័យមិនសមរម្យ។
លោកថាសេចក្តីព្រាងក្រឹត្យនេះក៏តម្រូវឱ្យវេទិកានានាផ្តល់ការការពារភាពឯកជនកម្រិតខ្ពស់បំផុតសម្រាប់គណនីកុមារ និងដើម្បីរកឃើញ ព្រមាន និងរារាំងការចូលប្រើខ្លឹមសារទាក់ទងនឹងអំពើហិង្សា រូបភាពអាសអាភាស ល្បែងស៊ីសង គ្រឿងញៀន ការធ្វើអត្តឃាត និងសម្ភារៈដែលបង្កគ្រោះថ្នាក់ផ្សេងៗទៀត។
ក្រៅពីប្រទេសវៀតណាមកាលពីថ្ងៃអង្គារកន្លងទៅ អ្នកតាក់តែងច្បាប់បារាំងបានអនុម័តការហាមឃាត់ការចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម ១៥ ឆ្នាំ ក្នុងនោះក៏មានប្រទេសអូស្ត្រាលីគឺជាប្រទេសដំបូងគេដែលដាក់ការហាមឃាត់ ហើយប្រទេសជាច្រើនទៀតក៏កំពុងធ្វើតាមដូចគ្នា៕