ថៃ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក តុង ជុន នៅថ្ងៃទី ២៤ កក្កដានេះ បានធ្វើដំណើរទៅដល់ប្រទេសថៃហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និង បានជួបជាមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃថ្មី លោក Adul Boonthamcharoen។ក្នុងកិច្ចពិភាក្សានោះ រដ្ឋមន្ត្រីការពារជាតិចិន បានប្រកាសជំហរជាថ្មីថា ចិនគាំទ្រយ៉ាងពេញទំហឹងចំពោះ«បទឈប់បាញ់កម្ពុជា និងថៃ» ហើយសង្ឃឹមថា ភាគីទាំងពីរនឹងបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក និងដោះស្រាយជម្លោះតាមរយៈការចរចា និងមធ្យោបាយសន្តិវិធី ដើម្បីថែរក្សាសន្តិភាព និង ស្ថិរភាពក្នុងតំបន់។
យោងតាមសេចក្តីប្រកាសពីក្រសួងការពារជាតិចិន បានគូសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន និងថៃ បានជជែកគ្នាផ្តោតលើការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ការអភិវឌ្ឍឧស្សាហកម្មការពារជាតិ កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និង ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ។
ទាក់ទងជម្លោះព្រំដែនខ្មែរ-ថៃវិញ លោក តុង ជុន បានប្រាប់រដ្ឋមន្ត្រីការពារជាតិថៃថា ភាគីចិននៅតែប្តេជ្ញារក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយគាំទ្រទាំងថៃ និងកម្ពុជា ក្នុងការបង្រួបបង្រួមបទឈប់បាញ់ ការកសាងទំនុកចិត្តគ្នាទៅវិញទៅមក និងការដោះស្រាយជម្លោះដោយសន្តិវិធី៕