ថៃ៖ អាជ្ញាធរថៃ នៅខេត្តណារ៉ាធិវ៉ាត់ បានដាក់ចេញ ច្បាប់«អាជ្ញាសឹក» ដើម្បីតាមចាប់ខ្លួនក្រុមផ្ដាច់ខ្លួនភាគខាងត្បូង ដែលបានបើកការបាញ់ប្រហារ និងគប់គ្រាប់បែកលើកងកម្លាំងសន្តិសុខថស នៅស្តង់ត្រួតពិនិត្យស្រុក រ៉ាង៉ែ (Rangae) ដែលបានបណ្តាលឱ្យទាហានប៉ារ៉ាថៃ ស្លាប់ ៥នាក់ និងរបួសជនស៊ីវិល ៦នាក់ រួមទាំងកុមារពីរនាក់។
យោងតាមសារព័ត៌មានថៃ The Nation ក្រោមបទបញ្ជារបស់មេបញ្ជាការកម្លាំងចម្រុះខេត្តណារ៉ាធិវ៉ាំត់ មន្ត្រីយោធាថៃ ត្រូវបានផ្ដល់សិទ្ធិអំណាចពេញលេញក្នុងការបង្កើតគោលដៅត្រួតពិនិត្យ ឆែកឆេរយានយន្តនិងទីតាំងសង្ស័យ ក៏ដូចជាឃុំខ្លួនបុគ្គលណាដែលសង្ស័យថាពាក់ព័ន្ធនឹងអំពើហិង្សាចាប់តាំងពីថ្ងៃទី២២ ខែកក្កដា។
មន្ត្រីជាន់ខ្ពស់សន្តិសុខជាតិថៃបានបញ្ជាក់ថា រដ្ឋាភិបាលថៃ នៅតែបន្តប្តេជ្ញាចរចាសន្តិភាពសម្រាប់ខេត្តភាគខាងត្បូង ព្រមទាំងបន្តចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងលើក្រុមវាយប្រហារនេះ។ មន្ត្រីដដែលបានព្រមានថា ការបោះបង់ចោលដំណើរការសន្តិភាពហើយងាកទៅរកវិធានការសន្តិសុខសុទ្ធសាធ អាចនឹងបង្កើនភាពតានតឹងឱ្យកាន់តែអាក្រក់ឡើងថែមទៀត។
ភាគីថៃជឿជាក់ថា ប្រទេសម៉ាឡេស៊ីអាចចូលរួមទាក់ទងជាមួយក្រុមឧក្រិដ្ឋជន ឬក្រុមប្រដាប់អាវុធដែលលាក់ខ្លួននៅក្នុងប្រទេស ដើម្បីជួយសម្របសម្រួល និងសម្រេចបាននូវកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សានៅតាមតំបន់ព្រំដែនឱ្យមានប្រសិទ្ធភាព៕