ង៉េអាន៖ អាជ្ញាធរ ខេត្តង៉េអាន ប្រទេសវៀតណាម បានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយដើម្បីបង្ក្រាបគ្លីនិកពហុព្យាបាលខុសច្បាប់ផ្នែករោគស្រ្តី និងសម្ភព ដោយបានឃាត់ខ្លួនមនុស្សចំនួន ៣៥នាក់ និងសម្រេចចោទប្រកាន់ជនសង្ស័យជាមេខ្លោងចំនួន ១០នាក់ ក្រោមបទចោទប្រកាន់ពីបទ «បោកប្រាស់អតិថិជន» ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់វៀតណាម លទ្ធផលស៊ើបអង្កេតបឋម ក្រុមឧក្រិដ្ឋជននេះដឹកនាំដោយស្ត្រីឈ្មោះ តារ ធី កឹម វ៉ាន់ (Tạ Thị Cẩm Vân) កើតឆ្នាំ ១៩៨៧។ ក្រុមរបស់ជនសង្ស័យបានចំណាយប្រាក់យ៉ាងសន្ធឹកសន្ធាប់លើការផ្សាយពាណិជ្ជកម្មតាមបណ្តាញសង្គម ដើម្បីទាក់ទាញជនរងគ្រោះឱ្យមកទទួលសេវាពិនិត្យរោគស្ត្រី និងសម្ភព។
តាមប្រភពដដែល ក្រុមនេះបានប្រើប្រាស់ល្បិចកលពិសពុល និងគំរាមកំហែងផ្លូវចិត្តអ្នកជំងឺយ៉ាងធ្ងន់ធ្ងរ ដូចជាការប្រើទឹកសណ្តែកដាក់ចូលបំពង់នោម និងលាបថ្នាំលើមាត់ស្បូន ដើម្បីបង្កើតរូបភាពជំងឺឆ្លងក្លែងក្លាយ ព្រមទាំងបន្លាចអ្នកជំងឺថាកំពុងមានជំងឺធ្ងន់ធ្ងរ ឬប្រឈមនឹងជំងឺមហារីក ពេលកំពុងតែព្យាបាលដើម្បីឲ្យអ្នកជំងឺជឿជាក់ និងព្យាបាលជំងឺបន្ថែមទៀតដែលតម្រូវឲ្យចំណាយលុយជាច្រើន។
សមត្ថកិច្ចវៀតណាម បានបញ្ជាក់ថា គ្លីនិកក្លែងក្លាយនេះបានបោកប្រាស់ជនរងគ្រោះរាប់ពាន់នាក់ ដោយគិតជាទឹកប្រាក់ខុសច្បាប់សរុបរាប់ពាន់លានដុង។ បច្ចុប្បន្ន នាយកដ្ឋាននគរបាលស៊ើបអង្កេតខេត្តង៉េអាន កំពុងបន្តពង្រីកការស៊ើបអង្កេតយ៉ាងសកម្ម ដើម្បីចាត់ការតាមផ្លូវច្បាប់លើអ្នកពាក់ព័ន្ធទាំងអស់ និងបានអំពាវនាវឱ្យជនរងគ្រោះផ្សេងទៀតដែលធ្លាក់ក្នុងអន្ទាក់នេះ មកដាក់ពាក្យបណ្តឹងទាមទាររកយុត្តិធម៌៕