អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសថ្មីលោក Andy Burnham (អាន់ឌី ប៊ើនហាំ) បានអនុម័តសេចក្តីយល់ព្រមមួយដែលនឹងឱ្យសហរដ្ឋអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាសមួយចំនួនរបស់ចក្រភពអង់គ្លេសសម្រាប់ការវាយប្រហារតាមអាកាសវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដែលជាចំណាត់ការបន្តគោលនយោបាយដែលណែនាំដោយនាយករដ្ឋមន្រ្តីមុន គឺលោក Keir Starmer ។ ការសម្រេចចិត្តរបស់លោក Burnham បានកើតឡើងភ្លាមៗបន្ទាប់ពីការជជែកគ្នាតាមទូរស័ព្ទជាមួយលោក ដូណាល់ត្រាំ ដែលលោកបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសក្នុងការធានាសុវត្ថិភាពផ្លូវដឹកជញ្ជូននៅក្នុងច្រកសមុទ្រហ័រមូស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ។
បើតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថាការបន្តគោលនយោបាយរបស់លោក Burnham ក្នុងការអនុញ្ញាតឱ្យអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាសអង់គ្លេសទំនងជាប្រឈមមុខនឹងប្រតិកម្មតបវិញ ខណៈដែលក្រុមសិទ្ធិមនុស្សចក្រភពអង់គ្លេសបានព្រមានថា ចលនានេះអាចរំលោភលើច្បាប់អន្តរជាតិ។
Bloomberg បញ្ជាក់ទៀតថានាយករដ្ឋមន្រ្តីមុនគឺលោក Starmer បានប្រកាសពីគោលនយោបាយរបស់លោកនៅដើមខែមីនា ដោយអះអាងថាមូលដ្ឋានទាំងនោះនឹងត្រូវប្រើប្រាស់សម្រាប់គោលបំណងការពារ។ក្រោយមកលោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងប្រើមូលដ្ឋានទ័ពនេះនឹងត្រូវបានពង្រីកដើម្បីអនុញ្ញាតឱ្យសហរដ្ឋអាម៉េរិកបើកការវាយប្រហារពីមូលដ្ឋានទ័ពអង់គ្លេសលើទីតាំងអ៊ីរ៉ង់ដែលកំណត់គោលដៅច្រកសមុទ្រហ័រមូស។ លោកក៏អំពាវនាវឱ្យមានការការពារខ្លួនរួមគ្នារបស់សម្ព័ន្ធមិត្តរដ្ឋឈូងសមុទ្រជាមូលដ្ឋានផ្លូវច្បាប់សម្រាប់ការសម្រេចចិត្តនេះ៕