ប៉េកាំង៖ មន្ត្រីក្រសួងសន្តិសុខសាធារណៈចិន នៅថ្ងៃសុក្រនេះ បានប្រកាសក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង ថា ប្រទេសចិននឹងផ្តួចផ្តើមបង្កើត «សម្ព័ន្ធភាពអន្តរជាតិប្រឆាំងបទល្មើសបោកប្រាស់តាមទូរស័ព្ទ និងអនឡាញ» មួយ ដែលគ្រោងនឹងបង្កើតឡើងជាផ្លូវការនៅក្នុងខែកញ្ញា ក្នុងអំឡុង «សន្និសីទស្ដីពីវេទិកាផែនការសហប្រតិបត្តិការសន្តិសុខសាធារណៈសកលឆ្នាំ ២០២៦» ដែលនឹងប្រារព្ធធ្វើឡើងនៅទីក្រុង Lianyungang ខេត្តជាំងស៊ូ (Jiangsu) ភាគខាងកើតប្រទេសចិន។
ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន លោក Jiang Guoli ប្រធានការិយាល័យស៊ើបអង្កេតព្រហ្មទណ្ឌនៃក្រសួងសន្តិសុខសាធារណៈចិន បានគូសបញ្ជាក់ថា បទល្មើសបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតនាពេលបច្ចុប្បន្ន បានវិវត្តខ្លួនក្លាយជាការគំរាមកំហែងសកលដ៏ធំមួយ ខណៈដែលទីតាំងរូងពួកឧក្រិដ្ឋជនភាគច្រើនស្ថិតនៅក្រៅប្រទេស។
លោក Jiang មានសុទិដ្ឋិនិយមថា តាមរយៈសម្ព័ន្ធភាពអន្តរជាតិនេះ រដ្ឋាភិបាលចិនរំពឹងថានឹងពង្រឹងកិច្ចសហប្រតិបត្តិការច្បាប់អន្តរជាតិបែបជាក់ស្ដែងនិយម សម្របសម្រួលការចែករំលែកព័ត៌មានសម្ងាត់ បង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការរួមគ្នា និងការទប់ស្កាត់ការឈ្លានពានពីបទល្មើសឆ្លងដែននេះប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកបានបន្ថែមថា សម្ព័ន្ធភាពអន្តរជាតិនេះ គឺជាអង្គការអន្តររដ្ឋាភិបាលមួយ ដែលត្រូវបានបង្កើតឡើងក្រោមគោលការណ៍ពិគ្រោះយោបល់រួមគ្នា ការកសាងរួមគ្នា និងការទទួលបានផលប្រយោជន៍រួមគ្នា។ រហូតមកទល់ពេលនេះ ប្រទេសជាង ៤០ បានបង្ហាញពីបំណងប្រាថ្នារបស់ខ្លួនក្នុងការចូលរួមក្នុងសម្ព័ន្ធភាពអន្តរជាតិមួយនេះ៕