Swift cc time

វៀតណាមអំពាវនាវឱ្យ ចិន-ហ្វីលីពីន រក្សាការអត់ធ្មត់ខ្ពស់ក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ ក្រសួងការបរទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យភាគីចិន និងហ្វីលីពីន រក្សាការអត់ធ្មត់ឱ្យបានអតិបរមា ក្រោយពីមានការប៉ះទង្គិចគ្នាកាលពីថ្ងៃទី២០ ខែកក្កដា នៅតំបន់សេខុនដ៍ថូម៉ាស ដែលបណ្តាលឱ្យទាហានហ្វីលីពីនរងរបួសម្នាក់ និងនាំឱ្យភាគីទាំងពីរចោទប្រកាន់គ្នាទៅវិញទៅមក រួមទាំងការកោះហៅឯកអគ្គរដ្ឋទូតដើម្បីតវ៉ាជាផ្លូវការ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ផាម ធូហាំង (Pham Thu Hang) អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៣ ខែកក្កដា។

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន លោកស្រី ហាំង បានលើកឡើងថា ប្រទេសវៀតណាមទទូចឱ្យភាគីពាក់ព័ន្ធរក្សាការអត់ធ្មត់ គោរពសិទ្ធិអធិបតេយ្យភាព និងដែនសមត្ថកិច្ចរបស់រដ្ឋឆ្នេរលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងខ្បន់ទ្វីប(Continental Shelf)របស់ខ្លួន ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ព្រមទាំងអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។

លោកស្រីក៏បានគូសបញ្ជាក់ផងដែរពីភាពចាំបាច់ក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាលើក្រមប្រតិបត្តិ (COC) ប្រកបដោយខ្លឹមសារ និងប្រសិទ្ធភាព ការគោរពបទប្បញ្ញត្តិអន្តរជាតិស្តីពីសុវត្ថិភាពនាវាចរណ៍ និងចរាចរណ៍ផ្លូវអាកាស ការដោះស្រាយវិវាទដោយសន្តិវិធីដោយមិនប្រើប្រាស់ ឬគំរាមកំហែងប្រើប្រាស់កម្លាំង និងការរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

លោកស្រី ហាំង បានលើកឡើងថា នៅក្នុងកិច្ចប្រជុំពាក់ព័ន្ធរបស់អាស៊ាន បណ្តារដ្ឋសមាជិក និងដៃគូសន្ទនា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ក្នុងសមុទ្រចិនខាងត្បូង ការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញា UNCLOS ឆ្នាំ ១៩៨២៕

Khcct banner

អត្ថបទទាក់ទង