អាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាម៉េរិក លោក Marco Rubio នៅល្ងាចថ្ងៃ ព្រហស្បតិ៍ បានប្រកាសគោលនយោបាយរឹតបន្តឹងទិដ្ឋាការសកលថ្មីមួយ ក្រោមមាត្រា 212(a)(3)(C) នៃច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិរបស់អាម៉េរិក ដោយគោលនយោបាយនេះនឹងផ្តោតលើបុគ្គលដែលទទួលខុសត្រូវ ឬជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មដែលបង្កឡើងដោយអ៊ីនធឺណិត ដូចជាអ្នកដែលពាក់ព័ន្ធនឹងការឆបោកតាមអ៊ីនធឺណិត និងការបោកប្រាស់ផ្លូវភេទនានា ក្នុងនោះសមាជិកគ្រួសារជិតស្និទ្ធរបស់បុគ្គលដែលចូលរួមក្នុងសកម្មភាពខុសច្បាប់បែបនេះក៏អាចត្រូវទទួលរងនូវការរឹតបន្តឹងទិដ្ឋាការជាមួយដែរ។
បើតាមរដ្ឋមន្រ្តីការបរទេសអាម៉េរិក ដូចដែលលោកប្រធានាធិបតី ត្រាំ បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងច្បាប់ E.O. 14390 ស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ការក្លែងបន្លំ និងគម្រោងការកេងប្រវ័ញ្ចប្រឆាំងនឹងពលរដ្ឋអាម៉េរិក ដោយពេលនេះរដ្ឋបាលរបស់លោកកំពុងចាត់វិធានការដើម្បីទប់ទល់នឹងការគំរាមកំហែងដែលមិនធ្លាប់មានពីមុនមកពីការឆបោកវិនិយោគតាមអ៊ីនធឺណិត។
លោកបន្ថែមទៀតថាជាញឹកញាប់ក្រុមបោកប្រាស់នេះត្រូវបានរៀបចំឡើងដោយអង្គការឧក្រិដ្ឋកម្មឆ្លងដែនចិន អ្នកបោកប្រាស់បានបោកប្រាស់ពលរដ្ឋអាម៉េរិកយ៉ាងហោចណាស់ ១០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ បូករួមជាមួយនឹងអំពើពុករលួយ ការលាងលុយកខ្វក់ និងការជួញដូរមនុស្ស ហើយកុមារអាម៉េរិកក៏ត្រូវបានកំណត់គោលដៅជាពិសេសដោយជនល្មើសដែលកំពុងប្រតិបត្តិការនៅក្រៅប្រទេសសម្រាប់ការឆបោកផ្លូវភេទ ការបំផ្លិចបំផ្លាញគ្រួសារ និងអនាគតរបស់ពួកគេ។
សម្រាប់លោក Rubio រដ្ឋបាលលោកប្រធានាធិបតី ត្រាំ កំពុងដាក់ពង្រាយវិធានការគ្រប់បែបយ៉ាងដែលអាម៉េរិកមានរួមមាន ទណ្ឌកម្ម ការចោទប្រកាន់ ការរឹបអូសទ្រព្យសម្បត្តិ សំណើសុំធ្វើបត្យាប័ន និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិ ដើម្បីរុះរើបណ្តាញឆបោក និងដាក់បន្ទុកលើអ្នកដែលពាក់ព័ន្ធអនុញ្ញាតឱ្យពួកគេធ្វើដូច្នេះ៕