(ភ្នំពេញ)៖ សិស្សឆ្នើមចំនួន ២រូប មកពីសាលារៀនសុវណ្ណភូមិ បានបង្ហាញពីសមត្ថភាពដ៏លេចធ្លោរបស់ខ្លួន ដោយដណ្ដើមបានពានរង្វាន់ និងមេដាយមាសជាច្រើន ពីការប្រកួត Singapore International Mathematical Olympiad Challenge (SIMOC) 2026 ដែលបានប្រព្រឹត្តទៅនៅសាធារណរដ្ឋសិង្ហបុរី។
ជ័យជម្នះនេះបាននាំមកនូវកិត្តិយសដ៏ធំធេងសម្រាប់សាលារៀន ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។
ប្អូនប្រុស ស្រ៊ុន វីរៈបុត្រ មកពីសាលារៀនសុវណ្ណភូមិ សាខាស្ទឹងមានជ័យ១ បានបង្ហាញពីទេពកោសល្យគណិតវិទ្យាដ៏អស្ចារ្យ ដោយដណ្ដើមបានមេដាយមាស និងជាជ័យលាភីលេខ១ (Overall Champion) ក្នុងវិញ្ញាសា Math Olympiad (ឯកត្តជន)។ មិនតែប៉ុណ្ណោះ ប្អូនក៏បានឈ្នះមេដាយសំរឹទ្ធបន្ថែមទៀត ក្នុងវិញ្ញាសា Math Master Mind (ក្រុម)។
រីឯប្អូនប្រុស ឈ័រ ស៊ានអ៉ីង មកពីសាលារៀនសុវណ្ណភូមិ សាខាបន្ទាយមានជ័យ ក៏បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលផងដែរ ដោយទទួលបានមេដាយមាសក្នុងវិញ្ញាសា Math Olympiad (ចំណាត់ថ្នាក់លេខ៦)។ ប្អូនក៏បានបន្ថែមមេដាយប្រាក់ចំនួន ២ទៀត ពីវិញ្ញាសា Math Master Mind និង Math Warriors។
សមិទ្ធផលដ៏ត្រចះត្រចង់នេះ គឺជាសក្ខីភាពបញ្ជាក់ពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សានុសិស្ស ក៏ដូចជាគុណភាពនៃការបង្រៀនរបស់លោកគ្រូអ្នកគ្រូនៅសាលារៀនសុវណ្ណភូមិ។
ជ័យជម្នះនេះមិនត្រឹមតែលើកស្ទួយកេរ្តិ៍ឈ្មោះសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញឱ្យពិភពលោកបានឃើញពីសក្ដានុពល និងសមត្ថភាពរបស់យុវជនកម្ពុជាលើឆាកអន្តរជាតិ។ នេះជាគំរូដ៏ល្អមួយសម្រាប់សិស្សដទៃទៀត ឱ្យបន្តខិតខំរៀនសូត្រ និងអភិវឌ្ឍខ្លួនដើម្បីអនាគតដ៏ភ្លឺស្វាង៕