ឧត្ដរមានជ័យ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២៣កក្កដានេះ បានរៀបចំពិធីរំឭកខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា និងពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូល រាប់បាត្រឧទ្ទិសកុសលជូនវីរកងទ័ព និងវីរនគរបាល ដែលបានពលីជីវិតដើម្បីការពារបូរណភាពទឹកដី។
ក្នុងពិធីនេះថ្នាក់ដឹកនាំខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ បានអញ្ជើញចូលរួមករាប់បាត្រប្រគេនព្រះសង្ឃចំនួន ១០៨អង្គ ដើម្បីឧទ្ទិសផលានុសផល និងបួងសួងសុំឱ្យដួងវិញ្ញាណក្ខន្ធរបស់វីរកងទ័ព និងវីរនគរបាលជាតិ បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍។
ការរៀបចំពិធីនេះមិនត្រឹមតែជាការរំឭកខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការចងចាំមិនភ្លេចនូវពលិកម្មដ៏ធំធេងរបស់វីរកងទ័ព និងនគរបាលជាតិ។
ការលះបង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិតរបស់ពួកគាត់ក្នុងសមរភូមិមុខ គឺជាមរតកស្មារតីដ៏ពិសិដ្ឋដែលកូនខ្មែរគ្រប់រូបត្រូវចងចាំ និងរក្សាទុកក្នុងក្រអៅបេះដូងជាអមតៈ។ ញើស និងឈាមរបស់វីរជនទាំងអស់នោះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាការពារសុខសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើង។
គួរបញ្ជាក់ថា សកម្មភាពនេះក៏បានដាស់ស្មារតីឲ្យប្រជាជនខ្មែរគ្រប់រូប គោរពដឹងគុណ នូវពលិកម្មដ៏ធំធេងរបស់វីរជនកងទ័ព និងនគរបាលជាតិ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជាទាំងមូល ជាពិសេសស្គាល់កាន់តែច្បាស់ពីតម្លៃនៃសន្តិភាព និងចេះស្រឡាញ់ការរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីការពារជាតិមាតុភូមិ៕