ភ្នំពេញ៖ កម្មវិធី IATSS Forum 2027 កំពុងបើកជ្រើសរើសយុវជនកម្ពុជា ដែលមានបំណងអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ ដើម្បីចូលរួមជាមួយយុវជនដទៃទៀតនៅជុំវិញតំបន់អាស៊ាន សិក្សាស្វែងយល់ និងអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំថ្នាក់អន្តរជាតិ នៅប្រទេសជប៉ុន ៨សប្តាហ៍។
កម្មវិធីនេះ ផ្តល់ជូនសម្រាប់យុវជនដែលមានបទពិសោធន៍ និងយល់ពីតម្លៃនៃភាពជាអ្នកដឹកនាំ ការយល់ដឹងអំពីបញ្ហា និងមានឆន្ទៈធ្វើការផ្លាស់ប្តូរ។ បេក្ខជនដែលមានជំនាញ បទពិសោធន៍ និងជំនាញយ៉ាងទូលំទូលាយ ដែលអាចចែករំលែក និងចូលរួមចំណែកដល់កម្មវិធីបណ្តុះបណ្តាល។ បេក្ខជនដែលមានវិន័យ ឯករាជ្យ និងមានអាកប្បកិរិយាវិជ្ជមានចំពោះការរៀនសូត្រ និងគោរពអ្នកដទៃ។
បើតាម IATSS Forum កម្មវិធីផ្តល់ឱកាសដល់យុវជនដែលមកពីបណ្តាប្រទេសនៅតំបន់អាស៊ាន មានអាយុយ៉ាងច្រើន៣៥ឆ្នាំ ជាបុគ្គលិកបម្រើការងារពេញម៉ោងលើជំនាញណាមួយ ជាមួយបទពិសោធន៍ការងារយ៉ាងតិច២ឆ្នាំ។ បេក្ខជនត្រូវតែមានជំនាញភាសាអង់គ្លេសល្អប្រសើរ និងអាចសម្របខ្លួនទៅនឹងវប្បធម៌ ការរស់នៅ និងសិក្សានៅបរទេស។
បន្ថែមពីនេះ ឯកសារដែលកម្មវិធីត្រូវការរួមមាន៖ Application Form សំណួរមូលដ្ឋាន អត្ថបទ លិខិតណែនាំ និងច្បាប់ចម្លងនៃវិញ្ញាបនបត្រជំនាញភាសាអង់គ្លេស។ យុវជនជ័យលាភី នឹងអាចជ្រើសរើសសិក្សា វគ្គទី៧១ ចាប់ពីខែឧសភា-ខែកក្កដា ឆ្នាំ២០២៧ រយៈពេល៨សប្តាហ៍ និងវគ្គទី៧២ចាប់ពីខែកញ្ញា-ខែវិច្ឆិកា ឆ្នាំ២០២៧ រយៈពេល៨សប្តាហ៍។
សម្រាប់យុវជនដែលចាប់អារម្មណ៍លើឱកាសនេះ អាចស្វែងរកព័ត៌មានបន្ថែមតាមរយៈ https://www.iatssforum.jp/en/applications/ និងដាក់ពាក្យយ៉ាងយូរត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦៕