Swift cc time

បាក់រូងក្រោមដីនៅឥណ្ឌាស្លាប់កើនដល់ ២០នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ញូវដេលី៖ ចំនួនអ្នកស្លាប់ដោយសារការបាក់ផ្លូវរូងក្រោមដីនៅតំបន់គម្រោងវារីអគ្គិសនីដែលកំពុងសាងសង់នៅភាគឦសានដាច់ស្រយាលរបស់ប្រទេសឥណ្ឌាបានកើនឡើងដល់ ២០ នាក់។ ប៉ូលីសក្នុងតំបន់បញ្ជាក់ទៀតថាហេតុការណ៍បាក់រូងក្រោមដីនេះបានកើតឡើងកាលពីថ្ងៃចន្ទនៅក្នុងស្រុកណាំជីក្នុងរដ្ឋស៊ីកគីមនៃតំបន់ហិម៉ាឡៃយ៉ា ជាកន្លែងដែលកម្មករកំពុងសាងសង់ផ្លូវរូងក្រោមដីសម្រាប់គម្រោងវារីអគ្គិសនីដែលគ្រប់គ្រងដោយរដ្ឋ ដោយក្នុងចំណោមមនុស្ស ២៥ នាក់ដែលជាប់គាំងមាន សាកសពចំនួន ១៣ នាក់ត្រូវបានរកឃើញ។

បើតាមប៉ូលីសឥណ្ឌាក្រុមអ្នកជួយសង្គ្រោះក៏បានឃើញរកសាកសពចំនួន ៧ ទៅ ៨ នាក់ទៀតនៅខាងក្នុងកន្លែងបាក់ស្រុត ប៉ុន្តែពួកគេមិនទាន់អាចយកវាមកវិញបានទេនោះទេដោយសារតែកម្ទេចកម្ទីច្រើនពេក ហើយការហូរចូលនៃទឹក និងឧស្ម័នមេតានដែលលេចធ្លាយចេញពីថ្មក្រោមដីនៅទីតាំងនោះបានរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

សាជីវកម្មថាមពលវារីអគ្គិសនីជាតិឥណ្ឌាបានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថា ការដួលរលំនេះត្រូវបានបង្កឡើងដោយការបញ្ចេញឧស្ម័នមេតានដែលសង្ស័យថាជាប់បង្កប់នៅក្នុងថ្ម ដែលបណ្តាលឱ្យមានការបង្កើតផ្សែងក្រាស់ និងឧស្ម័នពុលទើបបណ្តាលឲ្យមានបញ្ហាបាក់ស្រុត។ក្រុមហ៊ុនបានទទួលខុសត្រូវលើបញ្ហាមួយនេះថាការស៊ើបអង្កេតលម្អិតនឹងត្រូវបានធ្វើឡើងដើម្បីបញ្ជាក់ពីមូលហេតុនៃឧប្បត្តិហេតុនេះ។

គួររម្លឹកថាគ្រោះថ្នាក់នៅលើការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗគឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ដោយសារតែបញ្ហាភ្លៀងធ្លាក់ខ្លាំង និងកង្វះខាតបច្ចេកទេសដោយនៅឆ្នាំ ២០២៣ កម្មករ ៤១ នាក់ត្រូវបានជួយសង្គ្រោះបន្ទាប់ពីជាប់នៅក្រោមផ្លូវរូងក្រោមដីអស់រយៈពេល ១៧ ថ្ងៃដែលបានដួលរលំនៅភាគខាងជើងរដ្ឋអ៊ុតតារ៉ាខាន់៕

Khcct banner

អត្ថបទទាក់ទង