ភ្នំពេញ៖ ទោះកំពុងបន្តការសិក្សានៅក្រៅប្រទេស យុវជនខ្មែរពីររូប កញ្ញា ដូរ៉ាន បេអាទ្រិះ និង លោក ចាន់ ណារិទ្ធ បន្តរៀបចំកម្មវិធីប្រកួតចំណេះដឹងផ្នែកគណិតវិទ្យា គីមីវិទ្យា និងរូបវិទ្យា សម្រាប់សិស្សជំនាន់ក្រោយពីថ្នាក់ទី៧-១២ ក្រោមគំនិតផ្តួចផ្តើម E-Solver Cambodia។ កញ្ញា បេអាទ្រិះ កំពុងសិក្សាជំនាញ ហិរញ្ញវត្ថុ និងអចលនទ្រព្យ នៅកាណាដា ចំណែកឯ ណារិទ្ធ សិក្សាផ្នែករូបវិទ្យា នៅអាម៉េរិក។
កញ្ញា ដូរ៉ាន បេអាទ្រិះ ប្រធាន E-Solver Cambodia (E-SC) បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កញ្ញាបានចាប់ផ្តើមបង្កើតកម្មវិធីប្រកួតចំណេះដឹងសម្រាប់សិស្សវិទ្យាល័យនេះ តាំងពីខ្លួនមានអាយុត្រឹម១៤ឆ្នាំមកម្ល៉េះ នៅឆ្នាំ២០២១។ កញ្ញាបានប្រាប់ថា «កម្លាំងចិត្តរបស់ខ្ញុំកើតចេញពីជំនឿជាក់ថា ការរៀនសូត្រមិនមែនមានតែនៅក្នុងថ្នាក់រៀននោះឡើយ។ ការចូលរួមសកម្មភាពក្រៅម៉ោងសិក្សា ដូចជាការធ្វើពិធីករ ធ្វើការជាក្រុម និងការប្រកួតប្រជែងផ្សេងៗ បានពង្រឹងសមត្ថភាពសិស្សដើម្បីត្រៀមខ្លួនចូលប្រឡូកក្នុងសង្គម ដែលការរៀនតាមសៀវភៅធម្មតាមិនមាន។ ពេលនេះ ខ្ញុំចង់បង្កើតកម្មវិធីប្រកួតសម្រាប់សិស្សខ្មែរ ដោយសារតែចង់ឱ្យវាជាទីកន្លែងដែលពួកគេអាចបញ្ចេញសមត្ថភាព រកឃើញសក្តានុពលខ្លួនឯង និងអភិវឌ្ឍខ្លួនឱ្យកាន់តែពូកែជាងមុន។»។
ក្នុងនាមជាស្ថាបនិកវ័យក្មេងរៀបចំកម្មវិធីអប់រំ កញ្ញា បេអាទ្រិះ បានលើកឡើងថា ការបង្កើត E-SC បានផ្តល់នូវបទពិសោធន៍ ដែលបណ្តុះស្មារតីឱ្យកញ្ញាក្លាយជាបុគ្គលដែលមានភាពចាស់ទុំ មានភាពច្បាស់លាស់ និងពោរពេញដោយភាពច្នៃប្រឌិតតាំងពីវ័យក្មេង។ បទពិសោធន៍នេះ បានក្លាយជាគ្រឹះយ៉ាងរឹងមាំ នាំឱ្យកញ្ញា ទទួលបានតំណែងនាពេលបច្ចុប្បន្ន នៅក្នុងក្រុមហ៊ុនវិនិយោគអចលនទ្រព្យដ៏ធំបំផុតមួយនៅក្នុងប្រទេសកាណាដា ដោយទទួលបន្ទុកគ្រប់គ្រងផលប័ត្រវិនិយោគ (Portfolio) ។
លុះមកដល់ឆ្នាំ២០២៤ យុវជន ចាន់ ណារិទ្ធ បានចូលរួមជាសហស្ថាបនិកជាមួយ កញ្ញា ដើម្បីពង្រឹងក្រុមការងារបន្ថែម និងជួយជ្រោមជ្រែងយ៉ាងសកម្ម។ បច្ចុប្បន្ន ណារិទ្ធ កំពុងបន្តការសិក្សាផ្នែករូបវិទ្យា នៅសាកលវិទ្យាល័យ California State University នៅសហរដ្ឋអាមេរិក។ ចំណែកឯ កញ្ញា បេអាទ្រិះ កំពុងសិក្សាជំនាញ ហិរញ្ញវត្ថុ និងអចលនទ្រព្យ នៅ សាកលវិទ្យាល័យ Concordia University in Montreal, ក្នុងប្រទេសកាណាដា។
ទោះបីជាយុវជនឆ្នើមទាំងពីររូបកំពុងនៅក្រៅប្រទេស ដោយម្នាក់នៅប្រទេសកាណាដា និងម្នាក់ទៀតនៅសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែពួកគេនៅតែបន្តដឹកនាំ និងដំណើរការការងារនេះបានយ៉ាងរលូន ដែលនេះបង្ហាញយ៉ាងច្បាស់ពីឆន្ទៈ និងជំនឿជាក់យ៉ាងមុតមាំចំពោះបេសកកម្ម សម្រាប់ប្រទេសកម្ពុជា។ ដោយសារតែយុវជនទាំងពីររូប មិនអាចធ្វើការដោយផ្ទាល់ជាមួយសិស្សវិទ្យាល័យក្នុងប្រទេសកម្ពុជា ទើបបានជ្រើសរើសផ្តួចផ្តើមឱ្យមានសិស្ស និងនិស្សិត ជាក្រុមការងារបច្ចុប្បន្ន មានតាំងពីសិស្សវិទ្យាល័យថ្នាក់ទី១០ ដល់ទី១២ និងនិស្សិតសាកលវិទ្យាល័យឆ្នាំទី១ និងទី២ ដើម្បីទទួលខុសត្រូវលើការងារមួយចំនួនដើម្បីធ្វើគម្រោងអាចប្រព្រឹត្តទៅបាន រួមមាន ភស្តុភារ ការស្វែងរកការឧបត្ថម្ភ ការគ្រប់គ្រងបណ្តាញសង្គម និងការរៀបចំពិធីផ្លូវការ។
យុវជនរូបនេះ បានបន្តថា គោលបំណងធំនៅពេលនេះ គឺការបន្តផ្តល់ឱកាសដដែលនេះដល់យុវជនកម្ពុជាជំនាន់ក្រោយ។ កញ្ញា ចង់ឃើញសិស្សចូលរួមក្នុងក្រុមការងារមួយ ដែលធ្វើសកម្មភាពមានន័យពិតប្រាកដ ធ្វើការជាមួយអ្នកមានឆន្ទៈខ្ពស់ និងបង្កើតផលវិជ្ជមានដល់ជីវិតសិស្សដទៃទៀត ព្រមទាំងផ្តល់វេទិកាឱ្យពួកគេបានបង្ហាញសមត្ថភាព ប្រកួតប្រជែង និងភ្ជាប់ទំនាក់ទំនងជាមួយយុវជនឆ្នើមៗក្នុងស្រុក។ កញ្ញា បានបញ្ជាក់យ៉ាងមុតមាំថា បេសកកម្មក្នុងការជួយជ្រោមជ្រែងយុវជនកម្ពុជានឹងមិនឈប់ឈរឡើយ ទោះបីជាខ្លួនកំពុងរស់នៅ និងធ្វើការនៅឆ្ងាយរាប់ពាន់គីឡូម៉ែត្រក៏ដោយ៕