វៀតណាម៖ បុគ្គលិកសម្អាតគិតប្រាក់ឈ្នួលតាមម៉ោងធ្វើការនៅតាមក្រុងធំៗក្នុងប្រទេសវៀតណាម ដូចជាទីក្រុងហូជីមិញ អាចរកប្រាក់ចំណូលបានជាមធ្យម ៣៣ លានដុង (ប្រហែល ១២៦០ ដុល្លារអាម៉េរិក) ក្នុងមួយខែ ដោយមិនទាន់រាប់បញ្ចូលប្រាក់ឧបត្ថម្ភបន្ថែមពីអតិថិជនឡើយ ដោយចំនួននេះគិតទៅលើអ្នកដែលធ្វើការទៀងទាត់ និងទទួលបានការវាយតម្លៃល្អលើកម្មវិធី របស់ក្រុមហ៊ុន bTaskee ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាផ្តល់សេវាកម្មថែទាំផ្ទះ និងការងារផ្ទះតាមតម្រូវការ ដែលឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ ។
យោងតាមការចុះផ្សាយរបស់កាសែត Tuoi Tre News តម្លៃសេវាកម្មធម្មតាចន្លោះពី ៣ ទៅ ៤,៥៦ ដុល្លារក្នុងមួយម៉ោង និងអាចកើនឡើង ៥០% ឬច្រើនជាងនេះនៅពេលយប់ ចុងសប្តាហ៍ និងថ្ងៃបុណ្យចូលឆ្នាំវៀតណាម។
ក្រុមហ៊ុន bTaskee បានឱ្យដឹងថា បុគ្គលិកមួយចំនួនថែមទាំងអាចរកចំណូលបន្ថែមរហូតដល់ ជាង១០០០០ដុល្លារ ដុល្លារក្នុងមួយខែ តាមរយៈការបង្កើតមាតិកាចែករំលែកគន្លឹះថែទាំផ្ទះលើបណ្តាញ social media ដូចជា TikTok និង Facebook។ ការកើនឡើងនៃអ្នកប្រើប្រាស់អ៊ីនធឺណិត និងការផ្លាស់ប្តូររបៀបរស់នៅរបស់ប្រជាជនទីក្រុង បានធ្វើឱ្យតម្រូវការសេវាកម្មតាមកម្មវិធីទូរស័ព្ទនេះកើនឡើងយ៉ាងខ្លាំង និងបង្កើតឱកាសការងារជាច្រើន ជាពិសេសសម្រាប់ស្ត្រី។
ក្រុមហ៊ុន បានគូសបញ្ជាក់ថា ទោះបីជាការងារនេះអាចរកប្រាក់បានច្រើន ក្រុមហ៊ុននៅតែប្រឈមនឹងការខ្វះខាតកម្លាំងពលកម្មជាង ៥០០ នាក់នៅទីក្រុងហូជីមិញ រហូតដល់ថ្នាក់ត្រូវបង្កើតកម្មវិធីផ្តល់ប្រាក់រង្វាន់ដល់អ្នកណែនាំបុគ្គលិកថ្មី ដើម្បីមកបំពេញកម្លាំងពលកម្មដែលខ្វះ៕