ថៃ៖ នាយកដ្ឋានឧតុនិយមថៃ នៅថ្ងៃ២៣កក្កដានេះ បានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខ្លះនៃភាគខាងជើង ភាគកណ្តាល និងភាគខាងកើត ក្នុងរយៈពេល ២៤ ម៉ោងខាងមុខ ដោយបានអំពាវនាវឱ្យ ពលរដ្ឋខ្លួន ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់ភ្លាមៗ និងជំនន់ទឹកភ្លៀង។
ការព្រមាននេះ ធ្វើឡើង ក្រោយ បារម្ភឥទ្ធិពលនៃ ប្រព័ន្ធសម្ពាធទាបដ៏ខ្លាំងមួយនៅលើមហាសមុទ្រប៉ាស៊ីហ្វិក ត្រូវបានគេរំពឹងថានឹងវិវត្តទៅជាព្យុះវិសម្ពាធក្រហម ហើយបក់បោកឆ្លងកាត់ភាគខាងជើងប្រទេសហ្វីលីពីន នៅថ្ងៃទី ២៤–២៥ ខែកក្កដា ខាងមុខនេះ។
យោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត ក្នុងក្រុងបាងកក និងតំបន់ជុំវិញ មានឱកាស ៦០% នៃភ្លៀងធ្លាក់មានផ្គររន្ទះ ជាពិសេសនៅវេលារសៀល និងល្ងាច។អាជ្ញាធរថៃ បានណែនាំ អ្នកធ្វើដំណើរលើនាវា ឬតាមផ្លូវទឹក ឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយសារកម្ពស់រលកសមុទ្រអាចកើនឡើងលើស ២ ម៉ែត្រ នៅពេលមានខ្យល់ព្យុះ៕