អង់គ្លេស៖ ចក្រភពអង់គ្លេសសម្រេចដកបុគ្គលិកបម្រើការងារនៅស្ថានទូតអង់គ្លេសប្រចាំអ៊ីរ៉ង់ចេញពីប្រទេសអ៊ីរ៉ង់ជាបណ្តោះអាសន្ន ដោយសារតែស្ថានភាពសន្តិសុខក្នុងតំបន់ក្នុងនោះអង់គ្លេសក៏បានណែនាំពលរដ្ឋអង់គ្លេសកុំឱ្យធ្វើដំណើរទៅកាន់អ៊ីរ៉ង់។យោងតាមការិយាល័យការបរទេស សហព័ន្ធ និងអភិវឌ្ឍន៍ចក្រភពអង់គ្លេស (FCDO) បានបញ្ជាក់ថាដោយសារតែស្ថានភាពសន្តិសុខដែលកំពុងបន្តឡើងក្នុងប្រទេសអ៊ីរ៉ង់អង់គ្លេសបានចាត់វិធានការបង្ការដើម្បីដកបុគ្គលិកចក្រភពអង់គ្លេសចេញពីប្រទេសអ៊ីរ៉ង់ជាបណ្តោះអាសន្ន តែស្ថានទូតនៅតែបន្តដំណើរការងារពីចម្ងាយ។
បើតាមសេចក្តីប្រកាសរបស់ FCDO បានបញ្ជាក់ជាថ្មីថាខ្លួនបានណែនាំកុំឱ្យពលរដ្ឋធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ទាំងអស់ ហើយជំរុញឱ្យជនជាតិអង់គ្លេសដែលកំពុងតែមាវត្តមានក្នុងអ៊ីរ៉ង់ផ្ទាល់ពិចារណាដោយប្រុងប្រយ័ត្នថាតើត្រូវស្នាក់នៅឬអត់។ FCDO បន្ថែមទៀតថាជនជាតិអង់គ្លេសអាចប្រឈមមុខនឹងហានិភ័យខ្ពស់នៃការចាប់ខ្លួន ការឃុំខ្លួន និងការសួរចម្លើយពីយោធាអ៊ីរ៉ង់។
សម្រាប់ FCDO ការកាន់លិខិតឆ្លងដែនអង់គ្លេស ឬមានទំនាក់ទំនងជាមួយចក្រភពអង់គ្លេសអាចជាហេតុផលគ្រប់គ្រាន់សម្រាប់អាជ្ញាធរអ៊ីរ៉ង់ក្នុងការឃុំខ្លួន ដោយស្ថានភាពសន្តិសុខនៅមជ្ឈិមបូព៌ានៅតែ មិនអាចទាយទុកជាមុនបាន៕