Swift cc time

FBI អាម៉េរិក សរសើរពីការប្រឹងប្រែងកម្ពុជា ចំពោះបោសសំអាត Online scams

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI)អាម៉េរិក បានប្រកាសគំាទ្រ និងសរសើរកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអនឡាញ ឬហៅថា Online scams។ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេល លោក Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) ជួបជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃនេះ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិក ផ្តល់ជូនមក ស៊ីស៊ីថាមស៍។

យោងតាមសេចក្តីប្រកាស បានគូសបញ្ជាក់ថា លោក Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី ២២ ខែកក្កដា ដើម្បីជួបពិភាក្សាជាមួយ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក ស ថេត អគ្គស្នងការនគរបាលជាតិ។ក្នុងជំនួបនោះ បានជជែកពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបោសសំអាត Online scams។

បើតាមសេចក្តីប្រកាស FBI បានអះអាងថា បញ្ហា Online scams នៅក្នុងប្រទេសកម្ពុជា គឺនៅតែជាអាទិភាពកំពូលមួយនៃរដ្ឋាភិបាលអាម៉េរិក ហើយអាម៉េរិក បានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការប្រយុទ្ធ ប្រឆាំងនឹងបញ្ហានេះ ហើយកំពុងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមនានា ដែលលុបបំបាត់ Online scams។

FBI បានសង្កត់ធ្ងន់ថា អាម៉េរិក ក៏គាំទ្រពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការធានានូវយុត្តិធម៌សម្រាប់ជនរងគ្រោះ និងការទទួលខុសត្រូវខាងផ្លូវច្បាប់ព្រហ្មទណ្ឌ ចំពោះប្រតិបត្តិករបោកប្រាស់តាមអនឡាញ បុគ្គលរួមគំនិត និង បុគ្គលពាក់ព័ន្ធក្នុងបទល្មើសជួញដូរមនុស្សនានា។អាម៉េរិក នឹងបន្តធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ក្នុងការ ការពារប្រជាពលរដ្ឋពីបណ្ដាញឧក្រិដ្ឋជនទាំងនេះ៕

Khcct banner

អត្ថបទទាក់ទង