Swift cc time

ក្រសួងយុត្តិធម៌ ជ្រើសរើស«មន្ត្រីជំនាញច្បាប់»ចំនួន ១៥នាក់ ចូលបម្រើការងារក្នុងក្របខ័ណ្ឌប្រភេទ «ក»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ សម្រាប់ក្របខ័ណ្ឌប្រភេទ «ក» សរុបចំនួន ១៥នាក់។ ការជ្រើសរើសនេះផ្តោតសំខាន់លើមន្ត្រីជំនាញច្បាប់ផ្នែកព្រហ្មទណ្ឌ និងមន្ត្រីជំនាញច្បាប់ផ្នែកទំនាក់ទំនងអន្តរជាតិ ដើម្បីទៅបំពេញការងារតាមអគ្គនាយកដ្ឋាន នាយកដ្ឋាន សេខាធិការដ្ឋាន និងវិទ្យាស្ថានពាក់ព័ន្ធនានាចំណុះឱ្យក្រសួងយុត្តិធម៌។

យោងតាមសេចក្តីជូនដំណឹង ក្រសួងមុខងារសាធារណៈ បេក្ខជនដែលមានបំណងចូលរួមប្រឡងប្រជែង ត្រូវមានសញ្ជាតិខ្មែរ និងមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រ ឬសមមូលឡើងទៅលើជំនាញនីតិសាស្ត្រ ឬទំនាក់ទំនងអន្តរជាតិ។ បេក្ខជនត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ ដោយគិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។ លើសពីនេះ ក៏មានការលើកទឹកចិត្ត និងផ្តល់អាទិភាពជាពិសេសចំពោះជនមានពិការភាព ស្រ្តី ជនជាតិដើមភាគតិច បេក្ខជនដែលមានអាយុច្រើនជាងគេ និងមន្ត្រីជាប់កិច្ចសន្យាដែលកំពុងបម្រើការងារក្នុងរដ្ឋបាលសាធារណៈផងដែរ។

ចំពោះកាលបរិច្ឆេទនៃការចុះឈ្មោះប្រឡង ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំណត់។ បេក្ខជនត្រូវធ្វើការចុះឈ្មោះតាមប្រព័ន្ធអនឡាញ (Online) ដោយផ្ទាល់តាមរយៈការស្កែន QR Code ឬចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcs26moj01 ។ សម្រាប់ព័ត៌មានបន្ថែម ឬចម្ងល់ផ្សេងៗ សាម៉ីខ្លួនអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទផ្លូវការ 061 268 999, 068 807 926, 086 580 588, និង 010 416 933 រៀងរាល់ម៉ោងធ្វើការ៕

Khcct banner

អត្ថបទទាក់ទង