ភ្នំពេញ៖ នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) របស់អាម៉េរិក លោក Kash Patel នៅថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២៦ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីពិភាក្សាលើកិច្ចការមួយចំនួនពាក់ព័ន្ធផ្នែកសន្តិសុខរវាងកម្ពុជា និងអាម៉េរិក។
ក្នុងដំណើរមកដល់ប្រទេសកម្ពុជានេះ លោក Kash Patel ក៏បានចូលជួបសម្ដែងការគួរសម និងពិភាក្សាលើកិច្ចការមួយចំនួនជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ពាក់ព័ន្ធនឹងសន្តិសុខរវាងកម្ពុជា និងអាម៉េរិក នៅវិមានសន្តិភាព។ ក្រៅពីនេះ នាយក FBI របស់អាម៉េរិក ក៏នឹងជួបជាមួយមន្ត្រីជំនាញពាក់ព័ន្ធរបស់កម្ពុជាមួយចំនួនទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកសន្តិសុខរវាងប្រទេសទាំងពីរផងដែរ។
ក្នុងជំនួបជាមួយសម្តេច ហ៊ុន ម៉ាណែត កន្លងទៅ កម្ពុជា និងអាម៉េរិក បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងស្ថាប័នសន្តិសុខរបស់កម្ពុជា និង FBI ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជា៖ ការជួញដូរមនុស្ស គ្រឿងញៀន ឃាតកម្ម ជម្រិតទារប្រាក់ ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាជំហានបន្ទាប់ ភាគីទាងពីរ ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខកម្ពុជា និង FBI ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕