ភ្នំពេញ៖ សិស្សានុសិស្សឆ្នើមកម្ពុជាចំនួន ១៥២នាក់ បានចូលរួមប្រកួតក្នុងកម្មវិធី គណិតវិទ្យាសិង្ហបុរីវគ្គផ្ដាច់ព្រ័ត្រ (SIMOC 2026) នៅប្រទេសសិង្ហបុរី។ ជាលទ្ធផល សិស្សឆ្នើមកម្ពុជាបានឈ្នះមេដាយ ២២១ និងពាន ៧ ក្រោយបានប្រកួតប្រជែងជាមួយសិស្សពូកែជាង ២,២៨៧នាក់ មកពី ៤០ ប្រទេសជុំវិញពិភពលោក។
បើតាមSIMCC SASMO Cambodia សិស្សកម្ពុជាបានជោគជ័យលើការប្រកួត SIMOC 2026 ៣វិញ្ញាសា រួមមាន៖ Math Olympiad ៩៤មេដាយ Math Warriors ៧៧មេដាយ និង Math Master Mind ៥០មេដាយ។ សមិទ្ធផលសរុប កម្ពុជាទទួលបាន ពានចំនួន៧ មេដាយមាស៦៥គ្រឿង មេដាយប្រាក់៧២គ្រឿង មេដាយសំរឹទ្ធ៨៤គ្រឿង និងជ័យលាភីកិត្តិយសចំនួន១២។
សមិទ្ធផលទាំងនេះ គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែងរៀនសូត្រ ការតស៊ូ និងភាពក្លាហានក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ។ លើសពីការឈ្នះមេដាយ សិស្សកម្ពុជាបានបង្ហាញថា ពួកគេមានសមត្ថភាពអាចឈរប្រកួតប្រជែងជាមួយសិស្សពូកែមកពីជុំវិញពិភពលោកបានដោយទំនុកចិត្ត និងមោទនភាព៕