វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក លោក Pete Hegseth បានឱ្យដឹងថា ការចំណាយលើសង្គ្រាមនៅអ៊ីរ៉ង់បានកើនឡើងដល់ ៣៧,៥ ប៊ីលានដុល្លារ ក្រោយអូសបន្លាយជិត៦ខែ។ ប៉ុន្តែ លោក Hegseth បានធ្វើការស្នើសុំថវិកាបន្ថែមបន្ទាន់ដើម្បីចាយក្នុងសង្រ្គាមជាមួយអ៊ីរ៉ងក្នុងសវនាការសភាអាម៉េរិក។ ការលើកឡើងនេះ ប្រឈមការចោទសួរយ៉ាងក្តៅគគុកពីសមាជិកសភាអាម៉េរិក ដោយសារពលរដ្ឋអាម៉េរិកជាច្រើនមិនគាំទ្រលើចំណាត់ការនេះ។
លោក Hegseth បានស្នើសុំកញ្ចប់ថវិកាបន្ថែមបន្ទាន់សម្រាប់សង្គ្រាម ព្រមទាំងអំពាវនាវឱ្យសភាអនុម័តកញ្ចប់ថវិការការពារជាតិទំហំ ១,៥ ទ្រីលលានដុល្លារ សម្រាប់ឆ្នាំ ២០២៧ ។ លោកបានបញ្ជាក់ថា ការមិនផ្តល់ថវិកាគ្រប់ទំហំ ១,៥ ទ្រីលលានដុល្លារនេះ គឺជា «ការគំរាមកំហែងដ៏ធំបំផុតដែលប្រទេសជាតិកំពុងប្រឈម»។
មន្ត្រីយោធាអាម៉េរិកបានគូសបញ្ជាក់ថា ប្រសិនបើគ្មានការអនុម័តថវិកាបន្ថែមទេ ការហ្វឹកហ្វឺន និងការថែទាំគ្រឿនបំពាក់យោធានឹងត្រូវប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
យោងតាមប្រភពព័ត៌មានពីភ្នាក់ងារ Reuters បានឱ្យដឹងថា ត្រឹមតែ ៦ ថ្ងៃដំបូងប៉ុណ្ណោះ សង្គ្រាមនេះបានចំណាយថវិកាអស់យ៉ាងហោចណាស់ ១១,៣ ប៊ីលានដុល្លារ។
គិតត្រឹមពេលនេះ ទាហានអាម៉េរិក ១៨ នាក់បានពលីជីវិត និងប្រហែល ៤៣០ នាក់បានរងរបួស។ កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក៏បានគំរាមពង្រីកការវាយប្រហារបន្ថែមលើរោងចក្រថាមពល ស្ពាន និងទីតាំងនុយក្លេអ៊ែរក្រោមដីរបស់អ៊ីរ៉ង់៕