Swift cc time

«រ៉ូបូតដោះមីន» ចិន បង្ហាញខ្លួនក្នុងព្រឹត្តការណ៍ប្រកួតប្រជែងនគរបាលពិសេសថ្នាក់ជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ការប្រកួតប្រជែង «រ៉ូបូតដោះមីន» ត្រូវបានរៀបចំឡើងកាលពីថ្ងៃអង្គារ នៅក្នុងក្រុងអ៊ូរូមឈី (Urumqi) ភាគពាយព្យនៃតំបន់ស៊ីនជាំង ប្រទេសចិន ដែលនេះជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រកួតប្រជែងនគរបាលពិសេសថ្នាក់ជាតិ។ នៅក្នុងការប្រកួតនេះ បេក្ខជនបានបញ្ជាឱ្យរ៉ូបូតដើរដោយកង់ ឬកង់ច្រវាក់ ឆ្លងកាត់ឧបសគ្គនានា ដើម្បីប្រតិបត្តិការដោះគ្រឿងផ្ទុះសាកល្បងដោយជោគជ័យ។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនCCTV+ លោក Zhang Haijun បេក្ខជនម្នាក់មកពីក្រុមនគរបាលពិសេសស៊ីនជាំង បានលើកឡើងថា៖«អំឡុងពេលប្រតិបត្តិការជាក់ស្តែង យើងជ្រើសរើសរ៉ូបូតផ្អែកលើប្រភេទផ្ទៃដីខុសៗគ្នា។ រ៉ូបូតទំហំធំមានចំណុចកណ្តាលទម្ងន់ (Center of gravity) ខ្ពស់នៅពេលឡើងជណ្តើរ ដែលធ្វើឱ្យពួកវាងាយផ្អៀងទៅមុខ ឬទៅចំហៀង។ រីឯរ៉ូបូតតូចៗវិញ មានស្ថិរភាពជាងនៅលើជណ្តើរ និងមានភាពរហ័សរហួន ប៉ុន្តែកម្លាំងចាប់ របស់ពួកវាខ្សោយជាងរ៉ូបូតធំ»។

លោក Zhang ពន្យល់ថា បន្ទាប់ពីជម្នះឧបសគ្គរួច ការចាប់យកគ្រឿងផ្ទុះសាកល្បងដោយប្រើដៃមេកានិចឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព គឺជាការតេស្តសាកល្បងដ៏សំខាន់មួយទៀតសម្រាប់ក្រុមដោះមីន ព្រោះកំហុសបន្តិចបន្តួចលើកម្លាំង ឬមុំ អាចបង្កឱ្យមានគ្រោះថ្នាក់ក្នុងស្ថានភាពជីវិតពិតបាន។

មន្ត្រីអង្គភាពដោះមីនបានឱ្យដឹងថា ពួកគេតែងតែហ្វឹកហាត់បញ្ជារ៉ូបូតឱ្យចាប់វត្ថុគ្រប់ប្រភេទជាប្រចាំ ដើម្បីពង្រឹងជំនាញបញ្ជាឱ្យកាន់តែស្ទាត់ជំនាញ។ លោក Zhang បានពន្យល់បន្ថែមថា កំឡុងពេលហ្វឹកហាត់ប្រចាំថ្ងៃ ក្រុមការងារបានប្រើប្រាស់ពងមាន់ឆៅ និងពងមាន់ស្ងោរ ដោយចាប់ផ្តើមដំបូងពីការចាប់វត្ថុរឹង បន្ទាប់មកបន្តិចម្តងៗឈានទៅរកបាល់ប៉េងប៉ុង និងពងមាន់ ដើម្បីបង្កើនភាពប្រណិត និងការគ្រប់គ្រងកម្លាំងដៃរ៉ូបូតឱ្យកាន់តែសុក្រឹត៕

Khcct banner

អត្ថបទទាក់ទង