Swift cc time

UNESCO បាននិងកំពុងតាមដានយកចិត្តទុកដាក់ចំពោះករណីប្រាសាទព្រះវិហារ និងចូលរួមចំណែកបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរតាមរយៈវប្បធម៌

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក Nayef Al-Fayez អគ្គនាយករង អង្គការយូណេស្កូ បានបញ្ជាក់អំពីកិច្ចគាំទ្ររបស់យូណេស្កូ និងក្នុងនាមរបស់លោកផ្ទាល់ក្នុងការតាមដានយកចិត្តទុកដាក់ចំពោះករណីប្រាសាទព្រះវិហារ ដោយនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្របសម្រួលដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរតាមរយៈវប្បធម៌។ ការបញ្ជាក់របស់លោកយ៉ាងដូច្នេះក្នុងជំនួបពិភាក្សាការងាររវាងលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោកស្រីរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Nayef Al-Fayez អគ្គនាយករង ទទួលបន្ទុកវប្បធម៌នៃអង្គការយូណេស្កូ នៅក្នុងអំឡុងសម័យប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៨ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសនោះ លោកស្រីរដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរចំពោះលោកដែលត្រូវបានជ្រើសរើសនិងផ្តល់សេចក្តីទុកចិត្តឱ្យបំពេញការងារយ៉ាងសំខាន់ជា អគ្គនាយករង ទទួលបន្ទុកវប្បធម៌នៃអង្គការយូណេស្កូ និងថ្លែងអំណរគុណដល់លោកដែលបានបញ្ជូនរបាយការណ៍នៃបេសកកម្មរបស់អ្នកជំនាញគណៈកម្មការបេតិកភណ្ឌពិភពលោក និងអ្នកជំនាញការ ICOMOS ដែលបានបំពេញបេសកកម្មការងារនៅប្រាសាទព្រះវិហារកាលពីថ្ងៃទី១-៦ ខែមីនា ឆ្នាំ២០២៦កន្លងទៅ តបតាមការអញ្ជើញរបស់កម្ពុជា។

លោកស្រីរដ្ឋមន្រ្តីបានសម្តែងនូវការកោតសរសើរចំពោះគុណភាពរបស់របាយការណ៍ដែលមានលក្ខណៈបច្ចេកទេសគ្រប់ជ្រុងជ្រោយ សុក្រឹត្យ និងឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែងដែលបាននិងកំពុងកើតឡើងនៅប្រាសាទព្រះវិហារ។ លោកស្រីរដ្ឋមន្រ្តី ក៏បានជម្រាបជូន លោកអគ្គនាយករង អំពីបំណងរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលបេតិកភណ្ឌអរូបី នៅឆ្នាំណាមួយក្នុងអំឡុងពេលដែលកម្ពុជា ជាសមាជិកគណៈកម្មាធិការចាប់ពីឆ្នាំ២០២៦ រហូតដល់២០៣០ ខាងមុខនេះ។

ជាមួយគ្នានេះ លោកអគ្គនាយករង បានសន្យានឹងគាំទ្រសំណើធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ហើយក៏បានបញ្ជាក់អំពីកិច្ចគាំទ្ររបស់យូណេស្កូ និងក្នុងនាមរបស់លោកផ្ទាល់ក្នុងការតាមដានយកចិត្តទុកដាក់ចំពោះករណីប្រាសាទព្រះវិហារ ដោយនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្របសម្រួលដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរតាមរយៈវប្បធម៌៕

Khcct banner

អត្ថបទទាក់ទង