ប៉ារីស៖ គណៈកម្មាធិការជំនាញសភារបស់ប្រទេសបារាំង កាលពីថ្ងៃចន្ទ បានអនុម័តសេចក្តីព្រាងច្បាប់មួយ ហាមឃាត់កុមារ និងយុវជនដែលមានអាយុក្រោម ១៥ ឆ្នាំ មិនឱ្យប្រើប្រាស់បណ្តាញសង្គម ក្នុងគោលបំណងការពារសុខភាពផ្លូវចិត្ត និងសុវត្ថិភាពរបស់កុមារនៅលើប្រព័ន្ធអ៊ីនធឺណិត។
យោងតាមការចេញផ្សាយរបស់កាសែតរ៉យទ័រ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងយ៉ាងប្រញាប់ប្រញាល់ ដើម្បីឱ្យទាន់ពេលវេលាចូលជាធរមាននៅដើមឆ្នាំសិក្សាថ្មី នាដើមខែកញ្ញាខាងមុខ តាមបំណងរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron។
បារាំង នឹងដើរតាមគំរូរបស់ប្រទេសអូស្ត្រាលី ដោយកាលពីខែធ្នូកន្លងទៅ បានអនុវត្តបម្រាមដំបូងគេបង្អស់លើពិភពលោក លើកុមារនិងយុវជនអាយុក្រោម ១៦ ឆ្នាំ មិនឱ្យប្រើប្រាស់បណ្តាញសង្គមនានា រួមមាន Facebook របស់ Meta, Snapchat របស់ Snap, TikTok របស់ ByteDance និង YouTube របស់ Alphabet៕