អាម៉េរិក៖ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានប្រកាសថ្កោលទោសចិន រឿងជម្លោះនៅតំបន់ប្រទាញប្រទង់ជាមួយ ហ្វីលីពីន ដោយចាត់ទុកសកម្មភាពរបស់ចិនជាគំរូបង្កហេតុដ៏គួរឱ្យព្រួយបារម្ភ ប្រឆាំងនឹងប្រតិបត្តិការដែនសមុទ្រស្របច្បាប់របស់ហ្វីលីពីនធ្វើឱ្យប៉ះពាល់ដល់ សន្តិភាព និងស្ថិរភាពក្នុងតំបន់ និង ផ្ទុយដោយផ្ទាល់ទៅនឹងការប្តេជ្ញាចិត្តម្តងហើយម្តងទៀតរបស់ចិនក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក Rubio បានប្រកាសពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះសេរីភាពនៃការធ្វើនាវាចរណ៍នៅអាស៊ីអាគ្នេយ៍ជា ពិសេសនៅតំបន់ដែលប្រទេសទាំងពីរបានប្រទាញប្រទង់គ្នា។លោកថា ប្រសិនបើដែនទឹកទាំងនេះធ្លាក់ក្រោមការគ្រប់គ្រងរបស់មហាអំណាចដែលមានឆន្ទៈប្រើប្រាស់ពាណិជ្ជកម្មជាអាវុធភូមិសាស្ត្រនយោបាយ ទាំងសហរដ្ឋអាម៉េរិក និង រដ្ឋអាស៊ាននឹងប្រឈមមុខនឹងការគំរាមកំហែងថ្មីធ្ងន់ធ្ងរដល់អធិបតេយ្យភាព សន្តិសុខ និងអនាគតសេដ្ឋកិច្ច។
គួរបញ្ជាក់ថា បច្ចុប្បន្ន លោក Rubio ទៅដល់ទីក្រុងម៉ានីល ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសរបស់សមាជិកអាស៊ានចំនួន ១១ប្រទេស។ចំណែក លោក Wang Yi រដ្ឋមន្រ្តីការបរទេសចិនក៏នឹងនៅទីក្រុងម៉ានីលនៅថ្ងៃទី ២២ និង ២៣ ខែកក្កដា លោក Rubio បាននិយាយថាលោកបើកចំហចំពោះលទ្ធភាពនៃកិច្ចប្រជុំមួយ៕