Swift cc time

តុលាការឥណ្ឌូណេស៊ី កាត់ទោស«ក្រុមជួញដូរទារកឆ្លងដែន»ចំនួន១៩នាក់ ឱ្យជាប់ពន្ធនាគារ ដល់ ៧ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហ្សាកាតា៖ តុលាការឥណ្ឌូណេស៊ី បានសម្រេចផ្ដន្ទាទោសសមាជិក«ក្រុមជួញដូរទារក»ចំនួន ១៩ នាក់ (ស្រ្តី ១៨នាក់ និងបុរស ១នាក់) ឱ្យជាប់ពន្ធនាគារពី ៣ ឆ្នាំ ៤ ខែ រហូតដល់ ៧ ឆ្នាំ ពីបទលក់ទារកយ៉ាងហោចណាស់ ៣៤ នាក់ នៅចន្លោះឆ្នាំ២០២២ និង២០២៥ ក្រោមរូបភាពជាការ«សុំយកទៅចិញ្ចឹម» ជូនគូស្វាមីភរិយានៅឥណ្ឌូណេស៊ី និងសិង្ហបុរី។

យោងតាមការចេញផ្សាយរបស់កាសែតCNA ទោសធ្ងន់ធ្ងរជាងគេ ៧ ឆ្នាំ ត្រូវបានប្រកាសលើស្រ្តីវ័យ ៧០ ឆ្នាំឈ្មោះ Lie Siu Luan (Lily) ជាមេខ្យល់ធំក្នុងប្រតិបត្តិការនេះ។ រីឯបក្សពួកសំខាន់ៗ៤នាក់ទៀត ត្រូវជាប់ពន្ធនាគារ ៦ ឆ្នាំ និង ៧ ខែ ចំពោះសកម្មភាពដើរកៀរគរទារក និងក្លែងបន្លំឯកសារ។

ជនជាប់ចោទ ១៥ នាក់ផ្សេងទៀត ត្រូវជាប់ទោស ៣ ឆ្នាំ និង ៤ ខែ ពីបទដើរតួនាទីតូចតាច រួមទាំងការធ្វើពុតជាឪពុកម្តាយទារកលើឯកសារ និងការខលវីដេអូ។

តាមប្រភពពីតុលាការ ជនជាប់ចោទនៅតែមានសិទ្ធិប្តឹងតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចនេះបាន។

គួរបញ្ជាក់ថា ទោសទណ្ឌខាងលើ មានកម្រិតទាបជាងការទាមទាររបស់តំណាងអយ្យការ នាពេលកន្លងមក ដោយស្នើដល់១០ឆ្នាំ លើជនជាប់ចោទឈ្មោះ Lily, Astri, Djaka, Lai និង Elin។ ព្រះរាជអាជ្ញាក៏ធ្លាប់បានទាមទារទោសជាប់ពន្ធនាគារ ៥ ឆ្នាំសម្រាប់បក្សពួក ១៤ នាក់ផ្សេងទៀត៕

Khcct banner

អត្ថបទទាក់ទង