Swift cc time

ក្រសួងមុខងារសាធារណៈ បើកប្រឡងជ្រើសរើស«មន្ត្រីផ្អែកលើកិច្ចព្រមព្រៀង»ការងារទៅបំពេញការងារនៅក្រសួងផែនការ ចំនួន១៦នាក់

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ នាថ្ងៃទី២០ កក្កដា បានប្រកាសពីការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ លើមុខតំណែងចំនួន៥ ចំនួន១៦នាក់។

បើតាមក្រសួងមុខងារសាធារណៈ មុខតំណែងវិជ្ជាជីវៈ ចំនួន ០៥ មានដូចជា៖ មន្ត្រីជំនាញជាន់ខ្ពស់ ចំនួន ០១នាក់ មន្ត្រីជំនាញគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ចំនួន ០១នាក់ មន្ត្រីជំនាញសេដ្ឋកិច្ចចំនួន ០៦នាក់ មន្ត្រីជំនាញស្ថិតិ ចំនួន ០៥នាក់ និងមន្ត្រីជំនាញព័ត៌មានវិទ្យា ចំនួន ០៣នាក់។

វិញ្ញាសាប្រឡងប្រជែងមាន២ រួមមាន វិញ្ញាសាសរសេរលើកទី១ និងវិញ្ញាសាសួរផ្ទាល់មាត់។ សម្រាប់វិញ្ញាសាសរសេរលើកទី១ មាន៖ វិញ្ញាសាសរសេរ : ជំនាញឯកទេស រយៈពេល ២ម៉ោង ១០០ពិន្ទុ មេគុណ ២ វិញ្ញាសាពហុចម្លើយ : ភាសាអង់គ្លេសរយៈពេល ១ម៉ោង ៥០ពិន្ទុ មេគុណ ១ និងវិញ្ញាសាពហុចម្លើយ : ចំណេះដឹងទូទៅ រយៈពេល ១ម៉ោង ១០០ពិន្ទុ មេគុណ ១។ ចំណេះដឹងទូទៅពាក់ព័ន្ធនឹង (១)មុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់ រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រកម្ពុជា ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា (សរុប ៥០ពិន្ទុ) និង (២)ចំណេះដឹងពាក់ព័ន្ធនឹងជំនាញ/ឯកទេស (សរុប ៥០ពិន្ទុ)។

បេក្ខជនដែលបានប្រឡងជាប់វិញ្ញាសាសរសេរលើកទី១តែប៉ុណ្ណោះដែលនឹងត្រូវអនុញ្ញាតឱ្យចូលរួមប្រឡងវិញ្ញាសាសួរផ្ទាល់មាត់។ សម្រាប់វិញ្ញាសាសួរផ្ទាល់មាត់ គឺធ្វើមូលវិចារណ៍លើបុគ្គលិកលក្ខណៈ និងលើហេតុប្បទ្ទេសរបស់បេក្ខជន ក្នុងពេលតែមួយសម្រាប់ រយៈពេលពី «១៥នាទី ទៅ ៣០នាទី» (១០០ពិន្ទុ មេគុណ២)។

សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍លើឱកាសនេះ សូមបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែងតាមរយៈ https://go.gov.kh/era/mcs26mop យ៉ាងយូរត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត៕

Khcct banner

អត្ថបទទាក់ទង