ភ្នំពេញ៖ មុននឹងកាន់តំណែងបច្ចុប្បន្នជា នាយកផ្នែកទីផ្សារ និងអាជីវកម្មសាជីវកម្ម លោក ផល ពិសិដ្ឋ ធ្លាប់ជាកុមារម្នាក់ដែលចូលចិត្តមើលពាណិជ្ជកម្មផ្សព្វផ្សាយក្នុងទូរទស្សន៍ ហើយឆ្ងល់ចង់ដឹងពីរបៀបក្នុងការបង្កើតពាណិជ្ជកម្មមួយឱ្យមានភាពទាក់ទាញ។ ចាប់ផ្តើមស្គាល់ពីចំណង់ចំណូលចិត្តតាំងពីកុមារភាព ធ្វើឱ្យលោកអាចតម្រង់ផ្លូវអាជីពខ្លួនឯងបានប្រសើរជាងមុន តាមរយៈការសូមការណែនាំពីគ្រូបង្រៀន និងរៀមច្បង។ ក្នុងបទសម្ភាសជាមួយស៊ីស៊ីថាមស៍ លោកបានផ្តល់ជូនគន្លឹះមួយចំនួនសម្រាប់សិស្សពិចារណាមុននឹងចាប់យកជំនាញសិក្សាផ្នែកទីផ្សារ។
លោក ផល ពិសិដ្ឋ បច្ចុប្បន្នជានាយកផ្នែកទីផ្សារ និងអាជីវកម្មសាជីវកម្ម នៅស្ថាប័នឯកជនមួយ ជំរុញឱ្យសិស្សពិចារណាពីចំណង់ចំណូលចិត្តរបស់ខ្លួនជាមុនសិន មុននឹងសម្រេចចិត្តជ្រើសរើសសិក្សាជំនាញផ្នែកទីផ្សារ ហើយចៀសវាងការយល់ច្រឡំថាជំនាញនេះជាជំនាញដែលត្រូវតែដើរលក់ទំនិញសម្រាប់ក្រុមហ៊ុនណាមួយ។ កត្តាមុននឹងជ្រើសរើសជំនាញនេះដែលលោកចង់ឱ្យសិស្សពិចារណា រួមមាន ការចូលចិត្តនិយាយជាសាធារណៈ ការចូលចិត្តថត ការចូលចិត្តអាន ស្តាប់ សរសេរ ការមានភាពច្នៃប្រឌិត និងចង់ចេះចង់ដឹងអ្វីដែលថ្មីៗ។ លោកបានលើកឡើងថា ប្រសិនបើសិស្សមានមូលដ្ឋានចំណេះដឹង និងចំណូលចិត្តលើផ្នែកនោះស្រាប់ នឹងធ្វើឱ្យសិស្សអាចស្រលាញ់វិស័យទីផ្សារ ព្រោះថាវាមិនមែនគ្រាន់តែផ្តោតលើការផ្សាយពីផលិតផលឬសេវាកម្មណាមួយតែមួយមុខទេ ត្រូវរួមបញ្ចូលគ្នានូវជំនាញចម្រុះ ដែលអាចធ្វើឱ្យម៉ាកយីហោនៃផលិតផល ឬ សេវាកម្មមួយដក់ជួបក្នុងក្រអៅបេះដូងអតិថិជនគោលដៅ។
ក្នុងបទសម្ភាសនេះ លោក ពិសិដ្ឋ បានបន្តរៀបរាប់ប្រាប់ស៊ីស៊ីថាមស៍ថា កាលពីជំនាន់លោកនៅរៀនឆ្នាំ២០០៤-២០០៨ ជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយពុំមានភាពទូលំទូលាយនៅឡើយទេ ដែលជាហេតុលោកបានសិក្សាជំនាញអាជីវកម្ម នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និង ជំនាញភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង នៅសាកលវិទ្យាល័យន័រតុន។ ក្រោយមកលោកបន្តហាត់ពុតលត់ដំសមត្ថភាពក្នុងវិស័យនេះតាំងពីចេញធ្វើការដំបូងនៅស្ថាប័នធំៗក្នុងប្រទេសកម្ពុជា ដើម្បីអាចឈរជើងក្នុងវិស័យនេះក្នុងតំណែងដ៏ធំនាពេលបច្ចុប្បន្ន។ ស្ថាប័នដែលលោកបានធ្វើរួមមាន រយៈពេលប្រមាណ៤ឆ្នាំនៅ Havas Reverorchid ដែលបានផលិតពាណិជ្ជកម្មសម្រាប់ស្ថាប័នធំៗរួមមាន Uniliver, Hello, DKSH ហើយជាង១០ឆ្នាំនៅ Cellcard, រហូតមកដល់បច្ចុប្បន្នជានាយកផ្នែកទីផ្សារ និងអាជីវកម្មសាជីវកម្ម នៅ Truemoney។
ជាសារសម្រាប់សិស្សវិទ្យាល័យដែលមានបំណងក្នុងការជ្រើសរើសជំនាញនេះនាពេលខាងមុខ លោកបានលើកទឹកចិត្តថា សិស្សមិនគួរភ័យពេកខ្លាច AI ដណ្តើមការងារក្នុងវិស័យនេះពេកទេ ថ្វីត្បិតតែ AI អាចធ្វើបានច្រើនក្នុងទំនួលខុសត្រូវទាំងនេះ តែ អ្វីដែល AI មិនអាចជំនួសបាន គឺការមានសមត្ថភាពក្នុងទំនាក់ទំនងជាមួយអតិថិជនគោលដៅ ការមានអារម្មណ៍ពិចារណាសម្រាប់វិភាគស្ថានភាពនីមួយៗ និងមានភាពច្នៃប្រឌិត។ ដូចនេះ សិស្សគួររៀនសម្របខ្លួនក្នុងការប្រើប្រាស់ AI ជាជំនួយការធ្វើការងារ ជាជាងការខ្លាច AI ដណ្តើមការងារក្នុងវិស័យនេះ៕
ទស្សនាវីដេអូលម្អិត៖