Swift cc time

ត្រាំបញ្ជាដំឡើងពន្ធថ្មី ៥០% លើទំនិញកាណាដា ក្រោមហេតុផលកាណាដារើសអើងទំនិញអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាកាលពីល្ងាចថ្ងៃចន្ទ ដើម្បីដាក់ពន្ធថ្មី ៥០% លើទំនិញកាណាដាជាច្រើន ដោយលោកដូណាល់ត្រាំបានលើកហេតុផលថាពន្ធថ្មីនេះដាក់ឡើងដើម្បីឆ្លើយតបទៅនឹងការរើសអើងប្រឆាំងនឹងទំនិញគ្រឿងស្រវឹង រថយន្ត និងផលិតផលទឹកដោះគោរបស់អាម៉េរិកដែលលក់ចូលក្នុងទីផ្សាររបស់ប្រទេសកាណាដា។

យោងតាមការប្រកាសរបស់សេតវិមាន ពន្ធទាំងនេះនឹងចូលជាធរមានក្នុងរយៈពេល ៣០ ថ្ងៃ និងគ្របដណ្តប់លើទំនិញជាច្រើនប្រភេទ រួមទាំងស្រា ឈើវាយកូនគោល និងស៊ីម៉ង់ត៍ជាដើមដែលផលិតនៅប្រទេសកាណាដា។ សេតវិមានបញ្ជាក់ទៀតថា ពន្ធថ្មីនេះនឹងមិនអនុវត្តចំពោះថាមពល ប៉ូតាស្យូម និងទំនិញដែលធ្លាប់ត្រូវបានដាក់ពន្ធកាលពីកន្លងមកឡើយ។

សេតវិមានអះអាងទៀតថា ប្រទេសកាណាដាគឺជាប្រទេសមួយក្នុងចំណោមប្រទេសពីរប៉ុណ្ណោះរួមជាមួយប្រទេសចិនដែលបានសងសឹកប្រឆាំងនឹងពន្ធដ៏ច្រើនរបស់លោក ប្រធានាធិបតីត្រាំកាលពីឆ្នាំមុន ដោយក្នុងនោះខេត្តភាគច្រើនរបស់ប្រទេសកាណាដាបានបញ្ឈប់ការទិញគ្រឿងស្រវឹងរបស់សហរដ្ឋអាម៉េរិក ធ្វើពហិការផលិតផលដោយសារតែការគំរាមកំហែងពន្ធរបស់លោកប្រធានាធិបតី និងការចង់ដាក់បញ្ចូលប្រទេសកាណាដាជា "រដ្ឋទី ៥១" របស់អាម៉េរិក។

លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកបានចោទប្រកាន់ ប្រទេសកាណាដាបានដកផលិតផលគ្រឿងស្រវឹងរបស់សហរដ្ឋអាម៉េរិកចេញ ដោយផ្តល់សិទ្ធិចូលទីផ្សារកាន់តែប្រសើរឡើងចំពោះផលិតផលទឹកដោះគោពីសហភាពអឺរ៉ុប ហើយបានដាក់កម្រិតលើការនាំចេញយានយន្តរបស់សហរដ្ឋអាម៉េរិកទៅកាន់ប្រទេសកាណាដាទៀត។លោកថា ការប្រកាសពន្ធនេះមានគោលបំណងធ្វើឱ្យប្រទេសកាណាដាទទួលខុសត្រូវចំពោះការសងសឹក និងការរើសអើងរបស់ខ្លួនចំពោះទំនិញអាម៉េរិក៕

Khcct banner

អត្ថបទទាក់ទង