វៀតណាម៖ រថយន្តក្រុងដេកយប់មួយគ្រឿងដែលបានធ្វើដំណើរតាមផ្លូវ ឆ្លងកាត់ខេត្តដុងណៃ ប្រទេសវៀតណាម កាលពីព្រឹកព្រលឹមថ្ងៃចន្ទ បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅក្រោយជ្រុលបុកជាមួយខឿនផ្លូវបណ្តាលឱ្យមនុស្ស ៧នាក់ស្លាប់បាត់បង់ជីវិត និង ៥នាក់ផ្សេងទៀតរងរបួស។
យោងតាមអាជ្ញាធរមូលដ្ឋានវៀតណាមបានឱ្យដឹងថា រថយន្តក្រុងប្រភេទគ្រែដេក ២៤ កន្លែងនេះ កំពុងបើកបរឆ្លងកាត់ឃុំ Hung Thinh ក្នុងចម្ងាយជាង ៣០គីឡូម៉ែត្រពីទីក្រុងបៀនហ័រ (Bien Hoa) នៃខេត្តដុងណៃ នៅវេលាម៉ោងប្រមាណ ២:៣០នាទីរំលងអធ្រាត្រ ស្រាប់តែរ៉េចង្កូតទៅបុកខឿនផ្លូវនៅខាងស្តាំដៃ។ បន្ទាប់ពីការបុកទង្គិចលើកដំបូង រថយន្តបានបន្តរំកិលទៅមុខ រួចក៏ទៅបុកខឿនផ្លូវទីពីរ ទើបឈប់ស្ងៀម។
ភ្លាមៗនោះ អណ្តាតភ្លើងបានផ្ទុះឡើងចេញពីផ្នែកខាងក្រោមនៃយានយន្ត ហើយបានឆាបឆេះយ៉ាងលឿនរហូតគ្របដណ្តប់ពេញទូទាំងដំបូល និងបន្ទប់អ្នកដំណើរ។ អ្នកបើកបរម្នាក់ បានស្រែកប្រាប់អ្នកដំណើរឱ្យប្រញាប់ចាកចេញពីរថយន្ត ប៉ុន្តែអណ្តាតភ្លើងបានរាលដាលលឿនពេក ធ្វើឱ្យអ្នកដំណើរជាច្រើនមិនអាចរត់គេចខ្លួនចេញពីរថយន្តបានទាន់ពេលវេលា។
ជាការឆ្លើយតប អាជ្ញាធរសង្គ្រោះខេត្តដុងណៃ បានបញ្ជូនកម្លាំងសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យឯកទេសចំនួន ២គ្រឿងទៅកាន់កន្លែងកើតហេតុភ្លាមៗ។ កងកម្លាំងអន្តរាគមន៍ដំបូងអាចគ្រប់គ្រង និងពន្លត់អគ្គិភ័យបានទាំងស្រុង បន្ទាប់ពីប្រើប្រាស់ពេលប្រមាណ ៣០នាទី។
មកទល់ពេលនេះ អ្នកដំណើររងរបួសចំនួន ៥នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក Thong Nhat ភ្លាមៗ ដោយក្នុងចំណោមនោះ មានជនរងគ្រោះម្នាក់ដែលរងរបួសស្រាល ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ៕