ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ី កំពុងបង្កើនការឃ្លាំមើលនៅលើដែនសមុទ្រភាគខាងកើតរបស់ខ្លួន ដោយជំរុញផែនការដំឡើងប្រព័ន្ធរ៉ាដាចម្ងាយឆ្ងាយនៅប៉ុស្តិ៍ជួរមុខក្នុងសមុទ្រចិនខាងត្បូង ព្រមទាំងដាក់ឱ្យដំណើរការដ្រូនធុនថ្មីៗបន្ថែមទៀត។ ការពង្រឹងសមត្ថភាពការពារជាតិនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការចាប់សញ្ញា និងឆ្លើយតបចំពោះការគំរាមកំហែង បន្ទាប់ពីប្រទេសហ្វីលីពីនបានរំលឹកឡើងវិញនូវការទាមទារអធិបតេយ្យភាពលើរដ្ឋសាបា (Sabah) នៃដែនកោះបូនេអូ។
យោងតាមការចេញផ្សាយរបស់កាសែត South China Morning Post រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី លោក Mohamed Khaled Nordin បានថ្លែងកាលពីថ្ងៃអាទិត្យថា ប្រព័ន្ធរ៉ាដាចម្ងាយឆ្ងាយនេះ នឹងត្រូវដំឡើងនៅលើកោះ Swallow Reef (ដែលម៉ាឡេស៊ីហៅថា Pulau Layang-Layang) ដើម្បីជួយឱ្យកងកម្លាំងប្រដាប់អាវុធអាចតាមដានសកម្មភាពផ្លូវអាកាសជុំវិញប្រជុំកោះស្ប្រាត់លី (Spratlys) បានកាន់តែច្បាស់លាស់ និងទាន់ពេលវេលា។
ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បានទម្លាយឱ្យដឹងថា ម៉ាឡេស៊ីកាលពីពេលថ្មីៗនេះ បានផ្ញើកំណត់ទូតយ៉ាងម៉ឺងម៉ាត់បំផុតមួយទៅកាន់ប្រទេសមួយ (ដោយមិនបញ្ចេញឈ្មោះ) ដែលបានទាមទារកាន់កាប់ផ្នែកខ្លះនៃដែនដីរបស់ខ្លួន៕