ភ្នំពេញ៖លោក អ៊ួន បឋម ឬសាយ ដែលត្រូវបានគេស្គាល់ថាជាសិល្បករប្រកបដោយទេពកោសល្យ បានស្ម័គ្រចិត្តរត់ជុំវិញប្រទេសកម្ពុជា ដើម្បីរៃអង្គាសថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរ។គិតត្រឹមថ្ងៃទី១០ មករានេះ លោករត់បាន២,៤០៨គ.ម រត់ជុំវិញប្រទេសកម្ពុជា ២១ ខេត្តក្រុង និងប្រើរយៈពេល ៩៧ ថ្ងៃ។
មកដល់ពេលនេះ សាយបានរត់មកដល់គោលដៅចុងក្រោយហើយ។មុនបញ្ចប់ការរត់សាយ បានបង្ហាញអារម្មណ៍របស់ខ្លួនថា "ខ្ញុំធ្វើបានហើយ ខ្ញុំនឹងចង់ចាំកម្មវិធីនេះអស់មួយជីវិត" ុ។
តាមទំព័រហ្វេសប៊ុក លោកសាយបានសម្តែងក្តីរំភើបរកពាក្យអ្វីនិយាយគ្មាន និង អរគុណរាល់ការគាំទ្ររាល់ការជ្រុមជ្រែង រាល់ជំនួយ ការឧបត្ថម្ភ ការបរិច្ចាគ ការចូលរួម ការផ្ដល់កម្លាំងចិត្ត ដែលកើតឡើងក្នុងរយៈពេលកន្លងមកនេះ។បើតាមលោក អ៊ួន បឋម ឬសាយ បានបញ្ជាក់ថា លោកនឹងមិនអាចធ្វើបានទេបើសិនជាខ្វះជំនួយពីអ្នកគាំទ្រហើយ ឥឡូវនេះលោកបានរត់មកដល់ភ្នំពេញហើយ។
ជាចុងក្រោយលោកនិងក្រុមការងារ សូមអរគុណ ដល់ក្រុមគ្រួសារសសយកទូទាំងប្រទេស រដ្ឋបាលខេត្ត/ក្រុង ស្រុក និងសមត្ថកិច្ច អ្នកគាំទ្រ និងប្រជាជនកម្ពុជាទាំងមូល ដែលបានចូលរួមបរិច្ចាគ និងគាំទ្រដល់លោក។
គួរបញ្ជាក់ថា លោក អួន បឋម ហៅ សាយ បានចាប់ផ្ដើមកម្មវិធីមនុស្សធម៌ដែលមានឈ្មោះថា «រត់ដើម្បីមនុស្សធម៌ជាមួយសាយ» ដើម្បីស្វែងរកថវិកាបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប ដែលកំពុងបំពេញប្រតិបត្តិការព្យាបាលកុមារកម្ពុជាដោយឥតគិតថ្លៃ។
លោក សាយ បានចាប់ផ្តើមបេសកកម្មរត់របស់ខ្លួននៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ដោយរត់ចេញពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្លងកាត់ ២១ រាជធានី-ខេត្ត ក្នុងចម្ងាយ ២៤០៨គីឡូម៉ែត្រ មុននឹងរត់មកដល់ទីតាំងបញ្ចប់នៅចំណុចចាប់ផ្ដើមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ។ ក្នុងបេសកកម្មស្វែងរកថវិកាមនុស្សធម៌ ដើម្បីបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរនេះ កម្មវិធី «រត់ដើម្បីមនុស្សធម៌ជាមួយសាយ» បានទទួលថវិកាចំនួនជាង ៤៧ម៉ឺនដុល្លារ គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ៕