ភ្នំពេញ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិ គឺព្រឹទ្ធសភា និងរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ នៅវិមានព្រឹទ្ធសភា បានបើកកិច្ចប្រជុំរួមគ្នាដើម្បីពិភាក្សា និងត្រៀមលក្ខណៈរៀបចំសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ នាខែសីហាខាងមុខ។ ការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិដ៏មានសារៈសំខាន់នេះ គឺជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជា ក្នុងការលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដឹកនាំដោយលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងលោក ជាម យៀប អនុប្រធានទី១ រដ្ឋសភា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃស្ថាប័នទាំងពីរជាច្រើនរូប។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យ វាយតម្លៃ និងរៀបចំផែនការការងារឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងផ្នែកខ្លឹមសារ ពិធីការ និងសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ដំណើរការ “សន្និសីទប្រធានសភានៃអន្តរសភា លើកទី២” ដែលព្រះរាជាណាចក្រកម្ពុជាទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះ នាខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ៕