ភ្នំពេញ៖ ក្រុមនិស្សិតច្បាប់ឆ្នើមមួយក្រុម មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បានជាប់ជាក្រុមឆ្នើមទាំង ២៤ ទូទាំងពិភពលោក ចូលរួមក្នុងវគ្គបន្ត (Advanced Rounds) នៃកម្មវិធីប្រកួតសវនាការប្រតិដ្ឋស្តីពីសិទ្ធិមនុស្សពិភពលោក Nelson Mandela លើកទី១៨ (18th Nelson Mandela World Human Rights Moot Court Competition) ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
កម្មវិធីលំដាប់ថ្នាក់ពិភពលោកនេះ ត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យ Pretoria នៃប្រទេសអាហ្វ្រិកខាងត្បូង សហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR)។ នៅក្នុងឆ្នាំ២០២៦ នេះ មានសាកលវិទ្យាល័យផ្នែកច្បាប់ល្បីៗរហូតដល់ចំនួន ១២២ មកពីជុំវិញពិភពលោក បានដាក់ពាក្យចូលរួមប្រកួតប្រជែង។
ឆ្លងកាត់ការប្រកួតវគ្គជម្រុះដំបូងតាមប្រព័ន្ធអនឡាញ (Online Preliminary Rounds) យ៉ាងស្វិតស្វាញកាលពីខែឧសភា ឆ្នាំ២០២៦ ក្រុមតំណាងកម្ពុជាមកពីសាកលវិទ្យាល័យ RULE បានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោ ទាំងលើជំនាញស្រាវជ្រាវច្បាប់ និងការតស៊ូមតិ រហូតអាចដណ្តើមបានឱកាសក្នុងចំណោម «ក្រុមខ្លាំងបំផុតទាំង ២៤ លើពិភពលោក» (Top 24 Qualifying Teams) ដើម្បីធ្វើដំណើរទៅថ្លែងហេតុផលផ្ទាល់មាត់នៅក្នុងអង្គការសហប្រជាជាតិ។
ការចូលរួមរបស់ក្រុមកម្ពុជានៅឆ្នាំនេះ មិនត្រឹមតែជាការបង្ហាញសមត្ថភាពផ្នែកវិជ្ជាជីវៈច្បាប់ និងភាសាបរទេសរបស់យុវជនខ្មែរនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពសញ្ជាក់ទៅកាន់ពិភពលោកថា ប្រទេសកម្ពុជាកំពុងបណ្តុះបណ្តាលធនធានអ្នកច្បាប់ជំនាន់ក្រោយ ប្រកបដោយសក្តានុពល និងសមត្ថភាពខ្ពស់ អាចជជែកដេញដោលស្មើមុខស្មើមាត់ ជាមួយសាកលវិទ្យាល័យលំដាប់កំពូលៗលើសកលលោក។ ការឈានដល់វគ្គក្រុមឆ្នើមទាំង២៤នេះ បញ្ជាក់យ៉ាងច្បាស់ពីចំណេះជំនាញផ្នែកច្បាប់ទាំងការសរសេរ និងថ្លែងហេតុផលផ្ទាល់មាត់របស់និសិ្សតកម្ពុជា។
ទោះបីជាពានរង្វាន់ជើងឯកពិភពលោកប្រចាំឆ្នាំនេះ បានទៅលើសាកលវិទ្យាល័យ Midlands State University នៃប្រទេសហ្ស៊ីមបាវេក៏ដោយ ក៏ប៉ុន្តែការដែលយុវជនកម្ពុជា អាចសម្រេចបាននូវសមិទ្ធផលឈានមកដល់វគ្គ ២៤ ក្រុមចុងក្រោយនៅអង្គការសហប្រជាជាតិ គឺជាកាតាលីករដ៏សំខាន់មួយ ក្នុងការលើកកម្ពស់គុណភាពអប់រំច្បាប់នៅកម្ពុជា។ ជាងនេះទៅទៀត វាក៏ជាប្រភពបំផុសគំនិត និងជំរុញទឹកចិត្តដល់និស្សិតច្បាប់ជំនាន់ក្រោយ ឱ្យបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ដើម្បីនាំយកកិត្តិយស និងមោទនភាពជូនជាតិមាតុភូមិនៅលើឆាកអន្តរជាតិនាពេលអនាគត៕