Swift cc time

ស្ត្រីឥណ្ឌាកាន់តែច្រើន ត្រូវគេរកឃើញថារង«អំពើហិង្សា និងស្លាប់»ដោយសារកាតព្វកិច្ចបង់«ថ្លៃបណ្ណាការ»ខ្ពស់ទៅខាងប្រុស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ញូវដេលី៖ស្ត្រីនៅក្នុងប្រទេសឥណ្ឌាជាច្រើននាក់ ត្រូវបានក្រុមអ្នកស្រាវជ្រាវរកឃើញថា បានរងនូវអំពើហិង្សា ការដាក់សម្ពាធផ្លូវចិត្ត ហើយឈានទៅសម្រេចចិត្តបញ្ចប់ជីវិត ដោយសារកាតព្វកិច្ចបែបប្រពៃណី បង់ថ្លៃ «ប្រាក់បណ្ណាការ»ទៅខាងប្រុស។

យោងតាមការចេញផ្សាយរបស់កាសែត The Guardian ទោះបីជាច្បាប់ឥណ្ឌាបានហាមឃាត់ប្រាក់បណ្ណាការតាំងពីឆ្នាំ១៩៦១ ប៉ុន្តែគ្រួសារខាងប្រុសនៅតែបន្តទាមទារប្រាក់ ឬទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរផ្អែកលើ «តម្លៃខ្លួន» របស់កូនប្រុស។ នៅពេលគ្រួសារខាងស្រីមិនអាចបំពេញតាមការទាមទារ កូនក្រមុំតែងតែរងការធ្វើបាប គៀបសង្កត់ផ្លូវចិត្ត ឬឈានដល់ការធ្វើឃាត។ក្រុមអ្នកជំនាញរកឃើញថា ចំនួនស្ត្រីក្នុងប្រទេសឥណ្ឌា បានស្លាប់កើនឡើងរហូតដល់ ៦,៥១៦ ករណីក្នុងឆ្នាំ២០២២ (ធៀបនឹង ១,៨៤១ ករណីក្នុងឆ្នាំ១៩៨៨)។

អ្នកស្រាវជ្រាវនៃមហាវិទ្យាល័យ King’s College London បានពន្យល់ថា ក្នុងទសវត្សរ៍ឆ្នាំ៧០-៨០ កូនក្រមុំភាគច្រើនត្រូវបានដុតសម្លាប់ក្រោមលេស «គ្រោះថ្នាក់ផ្ទះបាយ» បង្កឱ្យមានការតវ៉ាមហាជនយ៉ាងខ្លាំង។ ប៉ុន្តែបច្ចុប្បន្ន ទម្រង់ហិង្សាបានប្តូរទៅជាការគៀបសង្កត់រហូតឱ្យជនរងគ្រោះធ្វើអត្តឃាតខ្លួនឯងវិញ បានបំប្លែង «កំហឹងសាធារណៈ» ឱ្យទៅជា «ការឈឺចាប់ និងការអៀនខ្មាស់ក្នុងគ្រួសារ» បង្កភាពស្ងប់ស្ងាត់ដល់ចលនាតវ៉ា។

បញ្ហាបណ្ណាការខ្ពស់ទារពីខាងប្រុស បានរុញច្រានឱ្យមានការរលូតកូនដោយជ្រើសរើសភេទ (រំលូតតែទារកស្រី) កាន់តែច្រើន ដើម្បីគេចពីបំណុលនាពេលអនាគត ដែលធ្វើឱ្យសមាមាត្រក្មេងស្រីធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌា៕


Khcct banner

អត្ថបទទាក់ទង