ជារឿងគួរឱ្យភ្ញាក់ផ្អើលបំផុត សម្រាប់ក្រុមបាល់ទះជម្រើសជាតិកម្ពុជាផ្នែកបុរស ដែលបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ជាលើកដំបូងរបស់ខ្លួន ដោយ ក្លាយជា «ម្ចាស់ជើងឯក»ពានរង្វាន់ SEA V-Cup លើកទី៦ នៅប្រទេសហ្វីលីពីន ក្រោយបំបាក់ក្រុមជើងខ្លាំង នៅតំបន់អាស៊ាន គឺឥណ្ឌូនេស៊ី ក្នុងលទ្ធផល ៣ សិតទល់ ២។
ការប្រកួតធ្វើឡើងរយៈពេល៥សិតក្នុងភាពតាន់តឹងបំផុត ដោយសិតទី១ ក្រុមជម្រើសជាតិបាល់ទះកម្ពុជា យកឈ្នះក្រុមបាល់ទះឥណ្ដូនេសុី ពិន្ទុ២៥-២៣ សិតទី២ ឈ្នះដោយពិន្ទុ ២៨-២៦ ខណៈសិតទី៣ និងទី៤ ឥណ្ឌូណេស៊ី បានឈ្នះដោយពិន្ទុ ២៥-២៣ និង ពិន្ទុ ២៥-២២។សម្រាប់ការប្រកួសិតទី៥ ជាសិតកាត់សេចក្តី កម្ពុជាបានយកឈ្នះដោយពិន្ទុ ១៥-១១ ក្លាយជាម្ចាស់ជើងឯក SEA V-CUP លើកទី៦ នៅហ្វីលីពីន។
ជ័យជម្នះជាប្រវត្តិសាស្ត្រនេះ បានក្លាយជាក្តីសប្បាយរីករាយសម្រាប់ប្រជាជនកម្ពុជាទាំងមូល ហើយបាននាំគ្នាផ្ញើសារអបអរសាទរ ដល់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា។ក្នុងសារអបអរសាទរនោះ ក៏មានដែរសារសម្តេច ហ៊ុន សែន ដោយសម្តេច ចាត់ទុកជ័យជម្នះរបស់ក្រុមបាល់ទះកម្ពុជា គឺជា«មោទនភាព»របស់ប្រជាជនកម្ពុជាទាំងមូល៕